បន្ទុះភ្នំភ្លើង Semeru របស់ប្រទេសឥណ្ឌូណេស៊ី សម្លាប់មនុស្សម្នាក់ និងរាប់សិបនាក់ទៀតរងរបួស
ហ្សាការតា៖ ក្រុមមន្ត្រីបាននិយាយថា ភ្នំភ្លើង Semeru នៅលើកោះ Java ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សម្នាក់ របួសយ៉ាងតិច ៣៥ នាក់ និងមនុស្សមួយចំនួនទៀតជាប់គាំងនៅក្នុងអគារ ខណៈដែលវាបានបញ្ចេញពពកផ្សែង និងផេះយ៉ាងច្រើន។
វីដេអូដែលចែករំលែកដោយក្រុមមន្ត្រីសង្គ្រោះបន្ទាន់ បានបង្ហាញឲ្យឃើញ ពីសកម្មភាពរបស់អ្នកស្រុកដែលកំពុងរត់ ខណៈដែលផ្សែងហុយ និងផេះគ្របដណ្តប់ភូមិក្បែរនោះ ក្នុងខេត្ត Java ខាងកើត។
អគ្គលេខាធិការថ្នាក់ស្រុក Lumajang លោកស្រី Indah Masdar បានប្រាប់សន្និសីទសារព័ត៌មានថា មនុស្សម្នាក់បានស្លាប់ ហើយមនុស្ស ៤១ នាក់ បានរងរបួសដោយការរលាកភ្លើង។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ (ហៅកាត់ BNPB) បាននិយាយនៅពេលក្រោយថា អ្នកជំងឺ ៣៥ នាក់ កំពុងត្រូវបានព្យាបាលនៅឯមជ្ឈមណ្ឌលពេទ្យក្នុងស្រុក។
ជាងនេះទៀតសោដ លោកស្រី Indah Masdarបានស្នើសុំឧទ្ធម្ភាគចក្រដើម្បីជួយសង្គ្រោះមនុស្សដែលជាប់នៅខាងក្នុងអគារ។ លោកស្រីបាននិយាយថា៖ «យើងមានទុក្ខធំ» ដោយបន្ថែមថា មានមនុស្សយ៉ាងហោចណាស់ ១០នាក់ដែលជាប់ក្នុងអគារ។ "វាគួរឱ្យសង្វេគ គ្រួសាររបស់ពួកគេយំទាំងអស់"។
ស្របពេលជាមួយគ្នានេះដែរ លោក Thoriqul Haq មេស្រុក Lumajang បានអោយដឹងថា អ្នកជីករ៉ែខ្សាច់មួយចំនួនបានជាប់នៅជិតអណ្តូងរ៉ែ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ លោកបានបន្ថែមទៀតថា ផ្លូវ និងស្ពានតភ្ជាប់ Lumajang និងទីក្រុង Malang ដែលនៅជិតនោះ ត្រូវបានកាត់ផ្តាច់ផងដែរ។
ហើយក្រោយមកទៀត លោកបានប្រាប់ប៉ុស្តិ៍ព័ត៌មាន MetroTV ថា ស្ពានដែលដាច់នោះមានន័យថា សង្កាត់ក្បែរនោះមិនមានលទ្ធភាពទទួលបានជំនួយផ្នែកពេទ្យទេ។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេស បាននិយាយថា អាជ្ញាធរកំពុងបង្កើតតង់ជម្លៀស។ ប្រធាន BNPB លោក Suharyanto ក៏បាននិយាយថា ប៉ុន្តែការជម្លៀសត្រូវបានរារាំងដោយសារតែផ្សែងអ័ព្វក្រាស់។
គួររំលឹកថា ភ្នំភ្លើង Semeru ដែលខ្ពស់ជាងគេនៅលើកោះ Java ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មជិត ១៣០ ភ្នំ របស់ប្រទេសឥណ្ឌូនេស៊ី។ វាបានផ្ទុះឡើងក្នុងខែមករា ដែលមិនបណ្តាលឲ្យមានអ្នករងរបួសទេ។ NR