កម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២១ ខែមករា តាមប្រព័ន្ធវីដេអូ
ក្រសួងការបរទេស បានប្រកាសថា តបតាមការអញ្ជើញលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងរៀបចំឡើង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
សេចក្តីប្រកាស លើកឡើងថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិនិត្យមើលការអនុវត្តផែនការការងារនានា ដែលសម្រេចដោយថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើទី៣៧ ស្ដីពីការពិនិត្យមើលឡើងវិញនូវផែនការលំអិតរបស់អាស៊ាន វិធីនិងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន ដោយផ្អែកលើបរិបទសកលលោកនាពេលបច្ចុប្បន្ន និងជំងឺរាតត្បាតជាសកលកូវីដ-១៩ និងកំណត់ទិសដៅចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាផងដែរ អំពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន ក្រោយពីជំងឺកូវីដ-១៩ ព្រមទាំងការប្រាស្រ័យទាក់ទងជាមួយនឹងសហគមន៍ពិភពលោក។
សេចក្តីប្រកាសបន្ថែមថា ប្រទេសប៊្រុយណេដារ៉ូសាឡឹម នឹងដឹកនាំដំណើរការអាស៊ាន នាឆ្នាំនេះ ក្រោមមូលបទ«យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចំរើន» ជាមួយនឹងចំណុចអាទិភាពគន្លឹះចំនួនបី ដែលផ្តោតជាសំខាន់ទៅលើ ១) ប្រកាន់ខ្ជាប់នូវវប្បធម៌យកចិត្តទុកដាក់របស់អាស៊ាន ២) ត្រៀមលក្ខណៈ និងសម្របខ្លួនសម្រាប់ពេលអនាគត និង ៣) បង្កើតឱកាសសម្រាប់កាលានុវត្តភាពរបស់ប្រជាជនអាស៊ាន៕SP