សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់នារីទាំងឡាយ កុំប្រឹងកែសម្ផស្ស ទេវតាផ្តល់ឱ្យប៉ុណ្ណា យកប៉ុណ្ណឹងទៅ កុំឱ្យប្រឈមនឹងគ្រោះថ្នាក់
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការអំពាវនាវដល់នារីទាំងឡាយ កុំខំប្រឹងកែសម្ផស្ស ទេវតាផ្តល់ឱ្យប៉ុណ្ណា យកប៉ុណ្ណឹងទៅ កុំឱ្យប្រឈមនឹងគ្រោះថ្នាក់។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្រោយពី មានករណីស្ត្រីម្នាក់វ័យ ៤០ឆ្នាំ បានស្លាប់ក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីវះកាត់កែដើមទ្រូង។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 ផ្ទះលេខ73B តាមបណ្តោយផ្លូវលេខ70 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អំពាវនាវដល់ស្ដ្រីទាំងឡាយ កុំដល់ថ្នាក់ណុងពេក ធម្មជាតិរបស់វា ឲ្យតាមនឹងចុះ ប្ដីស្រលាញ់ មិនស្រលាញ់ ក៏ហីទៅ ចាំបាច់យកកម្ម យកពារ អញ្ចឹង ចាក់ថ្នាំសម្លប់រួចហើយ ត្រូវវះ ហើយខ្លះទៅកាត់ច្រមុះ កាត់មាត់ ឈឺណាស់លោកអើយ ទេវតាឲ្យប៉ុណ្ណា យកប៉ុណ្ណឹងទៅ ធ្វើម៉េចរូបរាងយើងប៉ុណ្ណឹង។ ប៉ុន្ដែ អ្នកដែលគេនិយម មិនដឹងធ្វើយ៉ាងម៉េចដែរ? សិទ្ធិរបស់គេ យើងក៏យកចិត្តទុកដាក់សុខភាពទាំងនោះ»។
សម្តេចតេជោ បន្ដថា ចំពោះអ្នកកែសម្ផស្ស បើនៅសម័យពតកើតឡើងវិញ គឺស្លាប់មុនគេហើយ។ សម្តេច ថា ទោះកែ ឬមិនកែ នាសម័យនេះជាសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗ តែក៏ត្រូវគិតគូរដល់ហានិភ័យ នៃសុខភាពខ្លួនឯងផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល សម្រេច បិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ដែលស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីមានករណីស្ត្រីម្នាក់ស្លាប់ភ្លាមៗ ក្រោយវះកាត់កែសម្ផស្សនៅមជ្ឈមណ្ឌលនេះ៕EB