ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា កម្ពុជាមិនប្រើប្រាស់វិធីសាស្ត្រខ្ចីលុយចិនមកធ្វើផ្លូវដែកល្បឿនលឿននោះទេ។ លោកថាការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក VOA ដែលវាយប្រហាររដ្ឋាភិបាលកម្ពុជា ថាខ្ចីលុយចិន ៤ ០០០លានដុល្លារយកមកសាងសង់ផ្លូវដែកល្បឿនលឿនគឺជាការចុះផ្សាយដែលមិនដឹងពីអ្វីដែលជាគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ផ្លូវដែកល្បឿនលឿននោះទេ។

ថ្លែងក្នុងសន្នីបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសថា រដ្ឋាភិបាលកម្ពុជាមិនខ្ចីលុយគេមកសាងសង់ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែតនោះទេ ដោយរកនីតិវិធីជាដៃគូរជាមួយអ្នកអភិវឌ្ឍន៍មកសាងឱ្យបាន។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍លើកឡើងថា ខាង VOA នេះមិនយល់ថាគេកំពុងរៀបចំនីតិវិធីអ្វីផងមកចោទគេថាខ្ចី ៤ពាន់លាន។ សុំទោសរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមិនខ្ចី ៤ពាន់មកកសាងផ្លូវដែកពីភ្នំពេញ-ទៅប៉ោយប៉ែតទេ!»។


សម្រាប់ការកសាងផ្លូវដែកនេះនាយករដ្ឋមន្រ្តីសម្ដេចតេជោបានលើកឡើងថាគឺត្រូវធ្វើតាមរបៀប BOT (Build-Operate-Transfer) ដោយក្រុមហ៊ុនទទួលសាងសង់ប្រតិបត្តិការក្នុងរយៈពេលណាមួយមុននឹងប្រគល់ជូនរាជរដ្ឋាភិបាល ឬ PPP (public-private partnership) ដែលជាការអភិវឌ្ឍន៍ក្នុងភាពជាដៃគូរជាមួយវិស័យឯកជន។ ហើយគំនិតនេះក៏ត្រូវបាននាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន លើកឡើងទៅកាន់ប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីចិនផងដែរ។

សារព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិក VOA បានចុះផ្សាយកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភអំពី «អន្ទាក់បំណុល»” ខណៈក្រសួងការបរទេសចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំភាន់សាធារណជនក្រោមហេតុផលនយោបាយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ