យ៉ាងហោចណាស់ មនុស្សចំនួន៤១នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍រអិលបាក់ដីនៅតំបន់ភ្នំនៃរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា
ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃអង្គារទី៣០ ខែកក្កដានេះថា យ៉ាងហោចណាស់មនុស្សចំនួន៤១នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសបន្ទាប់ពីការបាក់ដីនៅតំបន់ភ្នំនៃរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា...។
ប្រតិបត្តិការជួយសង្គ្រោះត្រូវបានរាំងស្ទះ បន្ទាប់ពីស្ពានសំខាន់មួយក្នុងតំបន់បានបាក់។ រដ្ឋមន្ត្រីសុខាភិបាលបានលើកឡើងថា មនុស្សជាង៧០នាក់បានរងរបួស ហើយមនុស្សជាច្រើនទំនងជាត្រូវបានទឹកហូរនាំទៅឆ្ងាយចូលទៅក្នុងទន្លេ Chaliyar។
រដ្ឋមន្ត្រីព្រៃឈើលើកឡើងថា បន្ទាប់ពីការរអិលបាក់ដីមានស្ថានការណ៍ធ្ងន់ធ្ងរ ខណៈរដ្ឋាភិបាលបានជំរុញភ្នាក់ងារទាំងអស់ឱ្យជួយសង្គ្រោះ ស្របពេលភ្លៀងបង្អុរធ្លាក់ចុះកាន់តែច្រើនឡើង។ក្នុងនោះមនុស្សរហូតដល់៤១នាក់បានស្លាប់បន្ទាប់ពីឧប្បត្តិហេតុរអិលបាក់ដីដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងតំបន់។ អ្នកស្រុកបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបាននិយាយថា មានការរអិលបាក់ដីយ៉ាងហោចណាស់បីកន្លែងនៅក្នុងតំបន់ដែលចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ បានបោកបក់កួចស្ពានដែលតភ្ជាប់តំបន់រងផលប៉ះពាល់ Mundakkai ទៅតំបន់ Chooralmala ។
ទន្ទឹមគ្នានេះ ការិយាល័យរដ្ឋមន្ត្រីនៃរដ្ឋKerala បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តនៅថ្ងៃអង្គារទី៣០កក្កដា ហើយឧទ្ធម្ភាគចក្រពីរគ្រឿងរបស់កងទ័ពអាកាសឥណ្ឌាត្រូវបានចល័ត៕