មណ្ឌលគិរី៖ ផ្លូវជាតិលេខ៧៦A តភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ត្រូវផ្អាកការដំណើរទាំងស្រុង ទាំងម៉ូតូ និងរថយន្ត បន្ទាប់ពីកំណាត់ផ្លូវនោះ ត្រូវបាក់ស្រុតដីចូលទៅក្នុងជ្រោះខាងក្រោម ត្រង់ចំណុចអូរងើយ ក្នុងភូមិសាស្ត្រ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩។ 

លោក រស់ គីមធន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានបញ្ជាក់នៅព្រឹកថ្ងៃទី០២ ខែសីហានេះថា កំណាត់ផ្លូវជាតិលេខ៧៦A ត្រូវបានផ្អាកទាំងស្រុងតាំងវេលាម៉ោង៦ល្ងាច ថ្ងៃ០១ សីហា ព្រោះមុនពេលបាក់ស្រុត នៅលើដងផ្លូវត្រង់ចំណុចនោះបានចេញស្នាមប្រេះគួរឱ្យបារម្ភ ហើយឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាឱ្យផ្អាកការធ្វើដំណើរនៅម៉ោង៦ល្ងាច ដោយសារផ្លូវបានបាក់ស្រុតទាំងស្រុងនៅវេលាម៉ោងប្រមាណជា ៦និង៣០ល្ងាចថ្ងៃដដែលនោះ។ លោក រស់ គីមធន បញ្ជាក់ទៀតថា គិតរហូតមកដល់ពេលនេះ ជំនាញពាក់ព័ន្ធបានសហការគ្នា យកគ្រឿងចក្រទៅឈូសឆាយកសាងផ្លូវវាងថ្មី នៅចំណុចដែលបាក់ស្រុត ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្ន។ 

លោកឧត្តមសេនីយទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧៦A ដែលត្រូវបាក់ស្រុតទាំងស្រុង នៅចំណុចអូរងើយ ក្នុងស្រុកអូររាំង ត្រូវបានផ្អាកទាំងស្រុង ក្នុងនោះ កម្លាំងស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកអូររាំង និងស្រុកកែវសីមា ប្រជាការពារ រួមទាំងអាជ្ញាធរមូលដ្ឋាន ចុះហាមឃាត់មិនឳ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះទេ។ លើសពីនេះ លោក ស្នងការនគរបាលខេត្ត ក៏បានឧបត្ថម្ភអាវភ្លៀង និងគ្រឿងឧបភោគបរិភោគដល់កម្លាំង ដែលប្រចាំការនៅចំណុចបាក់ស្រុតនោះផងដែរ។

អភិបាលស្រុកអូររាំង លោក សៀក មុន្នី បញ្ជាក់ថា មូលហេតុនៃការបាក់ស្រុត មិនទាន់អាចវាយតម្លៃបានច្បាស់លាស់នោះទេ ព្រោះចំណុចនោះចោតជ្រៅពេកពិបាកពិនិត្យរកមូលហេតុនៃការបាក់ស្រុត ប៉ុន្តែបើតាមការសន្និដ្ឋានជំហ៊ានដំបូង ចំណុចបាក់ស្រុតអាចបណ្ដាលមកពីភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃពេក ធ្វើឱ្យស្ថានភាពដីនៅខាងក្រោមភ្នំជ្រាយក្លាយជាភក់ (ខួរអណ្ដែង) ទើបបាក់ស្រុតចុះតែម្ដង ។ 

គួររម្លឹកថា ក្រោយកើតមានករណីបាក់ស្រុតផ្លូវភ្លាម កម្លាំងជំនាញពាក់ព័ន្ធ បានចុះដល់ចំណុចកើតភ្លាមដែរ ដើម្បីពិនិត្យមើលស្ថានភាពខូចខាត និងរកវិធីសាស្ត្រជួសជុល។ ហើយករណីនេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ ចំណែកការធ្វើដំណើរទៅមក ចេញចូលទីរួមខេត្តមណ្ឌលគិរី គឺត្រូវវាងតាមខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ក្រៅពីការបាក់ស្រុតផ្លូវព្រោះទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ពិសេស ក្នុងស្រុកកែវសីមា ក៏មានផលប៉ះពាល់ព្រោះជំនន់ទឹកភ្លៀងដែរ ដោយបណ្ដាឃុំមួយចំនួន ដូចជាឃុំស្រែព្រះ ឃុំស្រែឈូក និងឃុំស្រែខ្ទុមជាដើម មានការជន់លិចស្ពាន លិចដំណាំ និងផ្ទះប្រជាពលរដ្ឋមួយចំនួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ