(ភ្នំពេញ)៖ គិតត្រឹមខែឧសភា ឆ្នាំ២០២២នេះ គ្រោះធម្មជាតិរន្ទះបាញ់ បានសម្លាប់មនុស្សដល់ទៅ ២២នាក់និងរបួស ១៧នាក់ឯណោះ។ នេះបើយោងតាម លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោកបន្តថា គ្រោះធម្មជាតិដ៏កាចសាហាវនេះដែរ ក៏បានសម្លាប់គោក្របី ៥៣ក្បាល និងធ្វើឲ្យខូចខាតផ្ទះ១១ខ្នង។ក្នុងនោះខេត្តបាត់ដំបង មានរន្ទះបាញ់កើតឡើងច្រើនជាងខេត្តដទៃ ពោលមានដល់ទៅ ៨លើក និងធ្វើឲ្យមនុស្សស្លាប់ ៣នាក់ ប៉ុន្តែខេត្តពោធិ៍សាត់ គឺជាខេត្តដែលមានមនុស្សស្លាប់ដោយសាររន្ទះបាញ់ច្រើនជាងគេ រហូតដល់ទៅ ៤នាក់ ខណៈរន្ទះបាញ់ កើតឡើងត្រឹមតែ ៣ដងប៉ុណ្ណោះ។

បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២២ ផលប៉ះពាល់ដោយសារអាកាសធាតុនៅប្រទេសកម្ពុជា មានការថយចុះពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេល ៥ខែ ដើមឆ្នាំ២០២១។ ដោយឡែក ស្ថានភាពអាកាសធាតុសម្រាប់៥ខែ ដើមឆ្នាំ២០២២នេះ មានភាពល្អប្រសើរជាងឆ្នាំ២០២១ ដោយសារកម្ពុជា ទទួលរងកម្រិតកំដៅខ្សោយ ពុំក្តៅខ្លាំងដូចឆ្នាំ២០២១ ហើយភ្លៀងកក់ខែ កើតមានច្រើនក្នុងរដូវប្រាំង កាត់បន្ថយការប្រឈមនូវការខ្វះខាតទឹកប្រើប្រាស់ និងទឹកសម្រាប់ការបង្កបង្កើនផល ព្រមទាំងពុំសូវទទួលរងឥទ្ធិពលពីព្យុះក្នុងតំបន់។ ដូច្នេះ ផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ មានការថយចុះធៀបឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា។

«សម្រាប់ខ្យល់កន្រ្តាក់កើតឡើងចំនួន ៧៩លើក បណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ចំនួន ៥២៧ខ្នង, ផ្ទះរបើកដំបូលចំនួន ១,៧៧៧ខ្នង, មនុស្សស្លាប់២នាក់ និងរបួស១៦នាក់»។ នេះជារួមប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានការថយចុះប្រមាណពាក់កណ្តាល ហើយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននឹងកំពុងបង្កើនការផ្សព្វផ្សាយចូលជ្រៅដល់មូលដ្ឋាន អំពីវិធានការណ៍នការការពារ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ទៀតថា ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ តែងកើតមានរៀងរាល់ឆ្នាំ ទោះតិច ឬច្រើន។ ដូច្នេះ ត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ពិសេសក្នុងរដូវវស្សានេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ