ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់រន្ទះបាញ់កើតឡើង ៩៥លើក និងបានសម្លាប់មនុស្ស ៥៣នាក់។

របាយការណ៍ដដែល បានបញ្ជាក់យ៉ាងដូច្នេះថា «៩ខែ ឆ្នាំ២០២២នេះ ក៏មានគ្រោះថ្នាក់រន្ទះ កើតឡើង ៩៥លើក ខូចខាតផ្ទះ ២២ខ្នង មនុស្សស្លាប់ ៥៣នាក់ មនុស្សរបួស ៤៩នាក់ និងងាប់គោ/ក្របី ៨៤ក្បាល»។

របាយការណ៍ បានបន្តថា ៩ខែ ឆ្នាំ២០២២ មានករណីខ្យល់កន្ត្រាក់ ១៥៦លើក ធ្វើឲ្យផ្ទះរលំ ៩៤៣ខ្នង ផ្ទះរបើកដំបូល ៣២០១ខ្នង ខូចខាតសាលារៀន ៣៨ខ្នង ខូចខាតតូប/ផ្សារ ១៣កន្លែង ខូចខាតអគាររដ្ឋបាល ២១កន្លែង ធ្វើឲ្យមនុស្សស្លាប់ ៣នាក់ ធ្វើឲ្យមនុស្សរបួស ៥៩នាក់។

សូមរំលឹកថា ដើម្បីជាការដាស់តឿន ក្រើនរំលឹកអំពីការយល់ដឹង និងអំពីកាតព្វកិច្ចម្នាក់ៗ ចំពោះការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣ តុលា ឆ្នាំ២០២២ នេះ ដោយចាត់ឱ្យមានមីខ្ទីងអបអរសាទរជាការជួបជុំក្នុងកម្រិតមួយសមល្មម ក្នុងកាលៈទេសៈនៃសភាពការណ៍ជំងឺកូវីដ-១៩ ដោយរៀបចំផ្សព្វផ្សាយជាបដា ផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មាន វិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គមនូវខ្លឹមសារអប់រំ ជូនដល់ជនរួមជាតិបន្ថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ