វៀតណាម៖ រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ត្រូវបានគ្របដណ្ដប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់ នៅថ្ងៃចន្ទ (ទី៤ ខែមីនា) នេះ ដែលធ្វើឲ្យការមើលឃើញមិនស្រឡះល្អ ខណៈមានការបង្កកង្វក់បរិយាកាសខ្លាំងបំផុត ដែលបណ្តាលមកពីភាគល្អិតកម្រិតខ្ពស់ដោយសារការបំភាយរបស់យានយន្ត និងល្អងធូលី ដែលបង្កឡើងដោយវិស័យសំណង់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVNexpressនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤។

កម្រិតនៃភាគល្អិតតូចៗគ្រោះថ្នាក់ដែលគេស្គាល់ថា PM2.5 នៅក្នុងខ្យល់ នាទីក្រុងហាណូយ គឺនៅកម្រិត ១៨៧មីក្រូក្រាម ក្នុងមួយម៉ែត្រគូប គិតត្រឹមល្ងាចថ្ងៃចន្ទនេះ ពោលគឺជាកម្រិតខ្ពស់បំផុត ក្នុងបញ្ជីឈ្មោះនៃបណ្ដាទីក្រុងអន្តរជាតិ ដែលមានការបង្កកង្វក់ខ្ពស់បំផុត។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន AirVisual ដែលជាស្ថាប័នផ្តល់ព័ត៌មានឯករាជ្យ ជុំវិញការបំពុលបរិយាកាស តាមរយៈកម្មវិធីទូរសព្ទ។


យោងតាមរបាយការណ៍របស់ធនាគារពិភពលោកឆ្នាំ២០២១ បានឲ្យដឹងថា ការបំភាយចេញពីយានយន្តចំនួន ៨លានគ្រឿងដែលបានចុះបញ្ជីរបស់ទីក្រុងហាណូយ បង្កើតបានជាភាគល្អិត ៣០ភាគរយនៃការបំពុលបរិយាកាស ហើយការបំភាយពីឧស្សាហកម្មផ្សេងទៀតមាន ៣០ភាគរយ។

សូមបញ្ជាក់ថា ជើងហោះហើរជិត ១០០វ៉ុល ទាំងទៅ និងមកពីអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងហាណូយត្រូ វបានពន្យារពេល ឬបង្វែរទៅទីក្រុងផ្សេងទៀត កាលពីថ្ងៃទី២ ខែកុម្ភៈ ដោយសារអ័ព្ទខ្លាំង និងការបំពុលបរិយាកាសកាន់តែអាក្រក់ៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ