សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គ្រប់ទីកន្លែងនៅកម្ពុជាបច្ចុប្បន្ន គឺគ្មានសង្គ្រាម ហើយបែរមកវិញ គឺបង្រួបបង្រួមប្រទេសជាតិ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅគ្រប់ទីកន្លែងនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺគ្មានសង្គ្រាមទៀតឡើយ ហើយបែរមកវិញ គឺជាការបង្រួបបង្រួមប្រទេសជាតិ ព្រមទាំងមានការអភិវឌ្ឍគ្រប់ទីកន្លែង។
នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា គោលដៅចំបងរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺជំរុញកំណើតសេដ្ឋកិច្ចប្រកបដោយចរីភាព ដោយបង្កើតការងារគ្រប់ទីកន្លែង ដោយអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ ហើយគោលដៅធំបំផុតនោះ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សម្ដេច មានប្រសាសន៍ថា «បើរាប់តែ ២៥ឆ្នាំនេះ រាប់តែសង្គ្រាមយើងបានបញ្ចប់ចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ យើងគ្មានឃើញថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានបង្កើនឡើង ក្នុងរយៈពេល ២៥ឆ្នាំមកនេះ។ ៧៩ ដល់៩៨ យើងនៅវៃគ្នានៅឡើយ ថវិកាជាតិរបស់យើងជាច្រើន ត្រូវចំណាយទិញគ្រាប់ កម្លាំងពលរដ្ឋយើងជាច្រើន ត្រូវចូលទ័ព»។
សម្ដេច បន្ដថា នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា គឺគ្មានសង្គ្រាម គ្មានកន្លែងដាក់មីន។ ដោយបែរមកវិញ បានពង្រីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈជំរុញការតភ្ជាប់ប្រកបដោយភាពប្រទាក់ក្រឡាគ្នា។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «យើងនិយាយបានថា នៅគ្រប់ទីកន្លែងទាំងអស់គ្មានសង្គ្រាមទៀតទេ នៅគ្រប់ទាំងអស់ គ្មានការដាក់មីនបន្ថែម គ្មានការបាញ់កាំភ្លើង។ តែបែរមកវិញ គឺការបង្រួបបង្រួមប្រទេសជាតិរបស់យើង មិនត្រឹមបង្រួមប្រទេសនោះទេ តែបង្រួបបង្រួបមទាំងទឹកដី មិនមែនកាត់ដីឱ្យគេនោះទេ តែបង្រួបតាមការរយៈការតភ្ជាប់ ហេដ្ឋរចនាសម្ព័ន្ធ»។
សម្ដេច បន្ថែមថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបាន ជួយឱ្យការធ្វើដំណើរប្រជាពលរដ្ឋកាន់តែងាយស្រួល កាត់បន្ថយចំណាយ និងកាត់បន្ថយពេលវេលាធ្វើដំណើរ បង្រួមខេត្តក្រុងឱ្យកាន់តែជិតគ្នា។ សម្ដេច ថា តាមរយៈកំណើន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅទូទាំងប្រទេសកម្ពុជា បានចូលរួមរុញកំណើន រោងចក្រ សហគ្រាស ជាច្រើនទៅដល់បណ្ដាខេត្ត បង្កើនការងារ និងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕