ភ្នំពេញ ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក (WB) បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។

យោងតាមសេចក្ដីប្រកាសរបស់ ធនាគារពិភពលោក នាថ្ងៃទី៣០ ឧសភា បានបញ្ជាក់ថា មូលនិធិថ្មីនេះ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាល ពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។ កញ្ចប់ហិរញ្ញប្បទាន បន្ថែមនេះមានឥណទានចំនួន ៦០លានដុល្លារអាមេរិកពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភព លោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការ ភាពជាដៃគូសកលសម្រាប់ ការអប់រំ។


លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាបាន ប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំក្នុងរយៈពេលពីរទសវត្សរ៍ចុង ប៉ុន្តែអ្វីដែលនៅតែ ជាបញ្ហាប្រឈមដ៏ធំនោះ គឺលទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាប ហើយលទ្ធភាពទទួលបានការអប់រំប្រកប ដោយគុណភាពក៏នៅខ្វះសមធម៌ដែរ»។ 

លោកស្រី បន្ថែមទៀតថា ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះគឺដើម្បីពង្រឹង ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់សម្រាប់ ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

លោកស្រី Laura Frigenti នាយកប្រតិបត្តិនៃអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ មានប្រសាសន៍ថា «អង្គការភាព ជាដៃគូសកលសម្រាប់ការអប់រំ នៅតែបន្តការប្តេជ្ញាចិត្តក្នុងការជួយកម្ពុជាក្នុងការពង្រីកការទទួលបានការអប់រំប្រកបដោយ គុណភាពទៅដល់កុមារជាច្រើនទៀត ជាពិសេសកុមារក្រីក្របំផុត។” លោកស្រីបន្តទៀតថា៖ “មូលនិធិបន្ថែមនេះនឹងផ្តល់ ជាឱកាសសម្រាប់បង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធអប់រំ និងពន្លឿនការងើបឡើងវិញនៃការសិក្សា បន្ទាប់ពីមានការ ប៉ះពាល់បង្កដោយការរាតត្បាតជំងឺកូវីដ-១៩»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ