សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពលរដ្ឋខ្មែរទៅព្យាបាលក្រៅប្រទេសមានចំនួនតិចតួច តែពលរដ្ឋព្យាបាលក្នុងស្រុក មានចំនួនរាប់លាននាក់
កណ្ដាល ៖ ឆ្លើយតបនឹងការមតិលើកឡើងថា កម្ពុជា ឃើញតែពង្រឹងវិស័យសុខាភិបាល តែប្រជាពលរដ្ឋ ទៅព្យាបាលជំងឺនៅក្រៅប្រទេសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបកស្រាយថា ប្រជាពលរដ្ឋខ្មែរទៅព្យាបាលនៅក្រៅប្រទេសមានចំនួនតិចតួច ប៉ុន្ដែប្រជាពលរដ្ឋព្យាបាលនៅស្រុក មានចំនួនរាប់លាននាក់។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យតេជោសែន កោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាគរយប្រជាជនខ្មែរទៅព្យាបាលនៅក្រៅប្រទេស គឺមានចំនួនតិចតួចនោះទេ ប៉ុន្ដែការព្យាបាលក្នុងប្រទេសខ្លួន មានចំនួនច្រើន។
សម្ដេចធិបតី មានប្រសាសន៍ថា «អ្នកខ្លះចេះតែសួរថា កម្ពុជា ឃើញតែធ្វើ និងពង្រឹងវិស័យសុខាភិបាល ហើយអីប្រជាជនខ្មែរទៅព្យាបាលនៅក្រៅច្រើនម៉េស? (ក្រៅប្រទេស) ។ ខ្ញុំ ថា ទៅព្យាបាលនៅក្រៅ គិតជាភាគរយនៃប្រជាជនព្យាបាលរាប់លាននាក់ក្នុងស្រុក តិចទេ ពេទ្យនៅក្នុងស្រុកយើងព្យាបាលមនុស្សរាប់លាននាក់ ក្នុងមួយឆ្នាំ»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា រឿងលទ្ធភាព អ្នកចេញទៅព្យាបាលនៅក្រៅប្រទេស មិនមានអ្វីចំឡែកឡើយ។ ប្រជាពលរដ្ឋកាណាដា ក៏ទៅព្យាបាលនៅអាមេរិកដែរ។ សម្ដេច ថា អ្វីដែលសំខាន់នោះ ត្រូវពង្រឹងវិស័យសុខាភិបាលនៅមូលដ្ឋាន។ សម្ដេច បន្ថែមថា នាពេលកន្លងទៅ មានពលរដ្ឋបរទេសមួយចំនួន ក៏មកព្យាបាលនៅកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានកោតសរសើរចំពោះក្រុមគ្រូពេទ្យរបស់កម្ពុជាមានជំនាញល្អ អ្វីដែលខ្សោយជាងគេនោះ ឧបករណ៍តែប៉ុណ្ណោះ៕EB