សម្ដេចតេជោ ហ៊ុន សែន ប្រាប់អាមេរិក កុំយកកម្ពុជា ធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាល ភូមិសាស្ត្រនយោបាយ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកកុំយកកម្ពុជា ធ្វើជាទីកន្លែងដើម្បី ប្រកួតប្រជែងកណ្ដាល ភូមិភូមិសាស្ត្រនយោបាយ។
ក្នុងជំនួបពិភាក្សាការងារ ក្នុងស្មារតីស្មោះត្រង់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន តាមរយៈ លោក ឡយ ជេម អូស្ទីន សម្ដេចបានសំណូមពរ សហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជា នៅក្នុងយុទ្ធសិស្សភូមិសាស្ត្រនយោបាយ របស់ខ្លួន ហើយកុំយកប្រទេសកម្ពុជា ធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិភូមិសាស្ត្រនយោបាយ រវាងគ្នានិងគ្នា។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានបញ្ជាក់ថាកម្ពុជាបានអនុវត្តនយោបាយរបស់ខ្លួនផ្អែកលើច្បាប់។
ឆ្លៀតក្នុងឪកាសនេះដែរ សម្ដេចក៏បានអរគុណចំពោះ សហរដ្ឋអាមេរិក ដែលបានជួយកម្ពុជាក្នុងវិស័យជាច្រើន ហើយដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើងនោះ ប្រទេសទាំងពីរត្រូវបំព្រួញឧបសគ្គ ឲ្យនៅតូច និងពង្រីកកិច្ចសហការឲ្យកាន់តែច្រើន និងមានប្រសិទ្ធភាព។
សម្ដេចតេជោ បានមានប្រសាសន៍ថាអ្វី ដែលយើងមានកិច្ចសហប្រតិបត្តិការពីអតីតកាល កិច្ចសន្ទនារវាងក្រសួងការពារជាតិទាំងពីរ ការសន្ទនានានា ការធ្វើសមយុទ្ធរួមគ្នា គឺត្រូវតែបន្តធ្វើការជាមួយគ្នា តទៅទៀត៕