សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យផ្តោតការយកចិត្តទុកដាក់ ចំពោះការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា AI
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ឲ្យផ្តោតការយកចិត្តទុកដាក់ ចំពោះការឆ្លើយតប និងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត AI ។ ការស្នើរបស់ប្រមុខ រាជរដ្ឋាភិបាលនេះ ដោយសារសម័យបច្ចុប្បន្ននេះ បច្ចេកវិទ្យា AI កំពុងរីកស្កុះស្កាយ និងមានការពេញនិយមជាខ្លាំង ។
ក្នុងឱកាសអញ្ជើញបើក “វេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤” នាថ្ងៃ១១ មីនា សម្តេចធិបតីមានប្រសាសន៍ថា “ដើម្បីជាធាតុចូលដល់កិច្ចពិភាក្សា ខ្ញុំសូមស្នើឲ្យអង្គ វេទិកា ផ្តោតការយកចិត្តទុកដាក់ ទៅលើចំណុចជាគន្លឹះ ដូចខាងក្រោម ទី១ ការឆ្លើយតប និងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលម្យ៉ាងនាំឲ្យមានការជំរុញនវានុវត្តន៍ និងបង្កើនផលិតភាព និងម្យ៉ាងទៀត នាំឲ្យមានកំណើន នៃលំហូរទិន្នន័យឯកជនប្រជាពលរដ្ឋ និងការប្រើប្រាស់ទិន្នន័យទាំងនោះ ឆ្លងកាត់ព្រំដែន ដែលបង្កជាការព្រួយបារម្ភ ដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពានឯកជនភាព របស់ប្រជាពលរដ្ឋ និងការគំរាមកំហែងសន្តិសុខ Cyber ជាតិ ជាដើម” ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានឲ្យគិតគូ លើការសម្រួលបន្ថែម លើវិធានការគោលនយោបាយពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីបរិវត្តកម្មរដ្ឋបាលឌីជីថល ។ ការឲ្យគិតគូពីសំណាក់សម្តេចនេះ ដោយប្រើប្រាស់អភិក្រមរដ្ឋបាលទាំងមូល និងការបើកចំហរសម្រាប់ការចូលរួមពីគ្រប់តួរអង្គ ការធ្វើសុខដុមនីយកម្ម និងគោលនយោបាយបទបញ្ញត្តិ ស្តង់ដាររវាងប្រទេសក្នុងតំបន់ ដើម្បីជួយសម្រួលនៅក្នុងការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថល ។ ក្នុងនោះដូចជាការពង្រីក និងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ការកំណត់ចលករគន្លឹះ ជំរុញការកសាងមូលធន មនុស្សឌីជីថល និងវិធីសាស្ត្រជំរុញសន្ទុះ នៃការបង្កើតសមត្ថភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល របស់ប្រជាពលរដ្ឋ និងការពង្រឹងយន្តការកំណត់ ដើម្បីឆ្លើយតបបញ្ហាសន្តិសុខ Cyber និងបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យាជាអាទិ៍ ការឆបោកតាមប្រព័ន្ធអនឡាញ ដូចជាអនឡាញ Scam និងព័ត៌មានក្លែងក្លាយផងដែរ ៕