សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពី វិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរស្តីពី វិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យ នៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។
តាមរយៈសារាចរណ៍ណែនាំ បានឲ្យដឹងថា តាមរយៈរបាយការណ៍ស្តីពី ការអនុវត្តច្បាប់ស្តីពីការបង្ការនិងការពន្លត់អគ្គិភ័យ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា រាជរដ្ឋាភិបាល សង្កេតឃើញថា ក្នុងឆ្នាំកន្លងទៅ ករណីអគ្គិភ័យមានការកើនឡើងគួរឱ្យព្រួយបារម្ភ ជាពិសេសនៅ តាមសហគ្រាស គ្រឹះស្ថានក្នុងវិស័យកម្មន្តសាលនិងឧស្សាហកម្មទេសចរណ៍ ដែលបានបណ្តាលឲ្យប៉ះពាល់ដល់ អាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងដំណើរការអាជីវកម្ម។
មូលហេតុចម្បងៗ នៃគ្រោះអគ្គិភ័យមាន ជាអាទិ៍ ការឆ្លងចរន្តអគ្គិសនី ការធ្វេសប្រហែសក្នុងការអនុវត្តវិធានការ ចាំបាច់ស្តីពីសុវត្ថិភាពអគ្គិភ័យ ជាពិសេសវិធានការត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍សម្រាប់តភ្ជាប់បណ្តាញ ចរន្តអគ្គិសនីនិងសម្ភារៈដំណើរការដោយចរន្តអគ្គិសនីផ្សេងៗ។
ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការនិងទប់ស្កាត់ឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ អគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ ស្របពេលដែលមានការជូនដំណឹងស្តីពីការឡើងកម្ដៅអាកាសធាតុ រហូតដល់ ៤១អង្សាសេ នៅក្នុងខែមេសា និងដើមខែឧសភា ខាងមុខនេះ រាជរដ្ឋាភិបាល ធ្វើការណែនាំអំពី ចំណាត់ការ និងវិធានការ ដូចជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តជំរុញការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងរបស់ និយោជកជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អំពីវិធានការបង្ការអគ្គិភ័យ និងវិធានការ សុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីការបង្ការនិងការពន្លត់អគ្គិភ័យ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងលិខិតបទដ្ឋានអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន៕EB