ភ្នំពេញ ៖ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជាបានបង្ហាញការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃកម្ពុជាបន្ថែមទៀត តាមរយៈការបន្តផ្ដល់វគ្គបណ្ដុះបណ្ដាល និងជំនួយសម្ភារៈផ្សេងៗ ដល់មន្ត្រីនគរបាលជាតិកម្ពុជា។ 

ការបញ្ជាក់ពី លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានធ្វើឡើងនាឱកាស ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតជូនលោកជំទាវ ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ 

ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងការអបអរសាទរ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលឥណ្ឌា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីឥណ្ឌា ដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល តាមរយៈការផ្ដល់អាហារូបករណ៍រយៈពេលខ្លី-វែង ទៅសិក្សាជំនាញផ្សេងៗនៅប្រទេសឥណ្ឌាជូនមន្ត្រីនគរបាលកម្ពុជា។


លោកជំទាវបណ្ឌិត ក៏បានអបអរសាទរជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកោតសរសើរចំណាត់ការប្រកប ដោយប្រសិទ្ធភាពរបស់ក្រសួងមហាផ្ទៃក្នុងការបង្ក្រាបបទល្មើសផ្សេងៗ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន សំដៅថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជាពិសេស បង្កើនទំនុកចិត្តដល់អ្នកវិនិយោគទុន និងភ្ញៀវទេសចរមកប្រទេសកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ