សម្ដេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ឃើញថា រយៈពេលចុងក្រោយនេះ ការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច មានការរីកចម្រើន និងសម្រេចបានសមិទ្ធផលជាច្រើន
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច មានការរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។
តាមរយៈសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣០ និងលើកទី២០ នៅកម្ពុជា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី បានឲ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់បងប្អូនជនជាតិដើមភាគតិច ក្នុងការការពារ អភិរក្ស និងថែរក្សាតម្លៃសីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ និងរស់រវើក ជាពិសេសបានផ្តល់ឱកាស និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ។
សម្ដេចធិបតី គូសបញ្ជាក់ថា «យើងកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចមានការរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ទាំងអស់នេះ កើតឡើងពីការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល និងមានការចូលរួមសហការ និងគាំទ្រយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍ អង្គការមិនមែន រដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលនេះបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការយល់ដឹងនូវសារៈសំខាន់នៃការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច»។
សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលបានចូលរួមយ៉ាងសកម្មក្នុង ការងារលើកកម្ពស់ការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច នាពេលកន្លងមក។ ខ្ញុំសូមលើកទឹកចិត្ត ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការដើម្បីជំរុញការងារលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្ស ជនជាតិដើមភាគតិចឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត។
ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជានេះ សម្ដេច នាយករដ្ឋមន្ដ្រី បានផ្តល់ជាអនុសាសន៍ និងគំនិតមួយចំនួន ដូចជា ៖
១- ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ការងារលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងរៀបចំឯកសារគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញឱ្យការងារ អភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចកាន់តែមានប្រសិទ្ធភាព។
ទី២. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រឹងការសម្របសម្រួល និងសហប្រតិបត្តិការជាមួយ ក្រសួង ស្ថាប័ន្ទពាក់ព័ន្ធ និងខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍនានាអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនវឌ្ឍនភាពបន្ថែមលើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ជាពិសេសការចុះបញ្ជី និងការទទួលស្គាល់អត្តសញ្ញាណជនជាតិដើម ភាគតិច។
ទី៣. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើម ភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍន៍ភូមិជនជាតិដើមភាគតិចទៅជាភូមិគំរូ ផ្អែកលើសក្តានុពល វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជន ជាតិដើមភាគតិច ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ទី៤. ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយអំពីភាពចាំបាច់ និងសារៈសំខាន់នៃ ការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច ឱ្យបានទូលំទូលាយ ទៅដល់គ្រប់សហគមន៍ជនជាតិដើមភាគ តិច និងសាធារណជន។
ទី៥. គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្ស ក្នុងគោលដៅកសាងសង្គមជាតិមួយដែលមានសមាហរណកម្ម សុខដុមនីយកម្ម មិនមានការរើសអើង ក្នុងនាមជនជាតិខ្មែរតែមួយ៕