ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ នាយកដ្ឋានអង្គរក្សមានស្នាដៃល្អ ក្នុងកិច្ចការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងឥស្សរជនជាតិ-អន្តរជាតិ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃនាយកដ្ឋានអង្គរក្ស ដែលក្នុងរយៈកាលកន្លងមក បានបំពេញតួនាទី និងភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ថ្វាយព្រះមហាក្សត្រ និងជូនឥស្សរជនជាតិកំពូលៗ ឥស្សរជនជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបរទេស និងព្រឹត្តិការណ៍ធំៗ។
លើសពីនេះ កិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០២២ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងថ្មីៗនេះគឺការពារសុវត្ថិភាពក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ការថ្លែងបែបនេះក្នុងឱកាស លោកឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធអគាររក្សាទុករថយន្តនាំក្បួន ម៉ូតូហែរអម ការពារគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ និងការិយាល័យបម្រើការរបស់កងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
អគារថ្មីនេះ ត្រូវបានប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកជាមរតកសមិទ្ធផលកើតឡើងក្នុងអន្តរកាល នៃការបន្តវេន រវាងរាជរដ្ឋាភិបាលនីតិកាលទី៦ និងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត។
ទន្ទឹមនឹងការកោតសរសើរនាយកដ្ឋានអង្គរក្ស លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានប្រសាសន៍ថា សមិទ្ធផលអគារថ្មីដែលសម្ពោធនេះ ជាការបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបង្កលក្ខណៈឱ្យមន្រ្តីរាជការស៊ីវិល និងកងកម្លាំង មានកន្លែងបំពេញការងារសមរម្យ មានសម្ភារៈ និងបរិក្ខាប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ការបំពេញតួនាទី និងភារកិច្ច ស្របតាមច្បាប់ និងគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ពីវេទិកាអធិបតីនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានអង្គរក្ស ខិតខំអភិវឌ្ឍសមត្ថភាព និងចំណេះដឹងដល់មន្រ្តីគ្រប់ថ្នាក់ លើកិច្ចការស្នូល ដើម្បីឆ្លើយតបនឹងបរិបទនៃការវិវត្តប្រែប្រួល និងបទពិសោធ ដែលបានកើតឡើង ទាំងក្នុង និងក្រៅប្រទេស ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងកិច្ចការពារសុវត្ថិភាព យកចិត្តទុកដាក់ពង្រឹងការអនុវត្តវិន័យ និងក្រមសីលធម៌ ដើម្បីថែរក្សា និងលើកតម្កើងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ និងដើម្បីទទួលបាននូវការស្រឡាញ់គាំទ្រចូលចិត្តពីសាធារជន៕