ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន២០នាក់ (ស្រី៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (មានលិខិតឆ្លងដែន និងគ្មានលិខិតឆ្លងដែន) ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) ករណីឆបោកមានស្ថានទម្ងន់ទោសគ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់)។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៣នាក់ (ភេទប្រុស) ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ៧នាក់ (ស្រី២នាក់) ទទួលពីការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ១នាក់ (ភេទប្រុស) និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន ៩នាក់ (ស្រី៣នាក់)៕