បាងកក៖ ភ្នាក់ងារឧតុនិយមថៃកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានប្រកាសទៅកាន់ពលរដ្ឋនៅទូទាំងប្រទេស ចូរថែទាំសុខភាពឱ្យបានល្អដើម្បីការពារការដាច់សរសៃឈាមខួរក្បាល ដោយសារសីតុណ្ហភាពនៅប្រទេសថៃនឹងកើនឡើងខ្ពស់ រហូតដល់៤២អង្សាសេ ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃខាងមុខ ។

តាមការប្រកាសរបស់ភ្នាក់ងារឧតុនិយម គឺកាលពីថ្ងៃទី២២ ខែមេសា កន្លងមក តំបន់ជាច្រើនរបស់ថៃមានសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់៤០អង្សាសេ និងគ្មានភ្លៀងធ្លាក់ ហើយសីតុណ្ហភាពនឹងកើនឡើងខ្ពស់ថែមទៀត ជាពិសេស ភាគខាងជើង អាចនឹងកើនឡើងចាប់ពី៤១អង្សាសេ ទៅ៤២អង្សាសេ នាពេលឆាប់ៗនេះ ។ វាអាចធ្វើឱ្យពលរដ្ឋអស់កម្លាំងដោយសារអាកាសធាតុក្តៅ (Heat Exhaustion) និងឈានទៅដាច់សរសៃឈាមខួរក្បាល (Heatstroke) ដែលត្រូវការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ការអស់កម្លាំងដោយសារអាកាសធាតុក្តៅ (Heat Exhaustion) ពុំចាំបាច់ទទួលការព្យាបាលបន្ទាន់ទេ បើអាចកាត់បន្ថយសីតុណ្ហភាពរាងកាយក្នុងរយៈពេល៣០នាទី ប៉ុន្តែបើបណ្តោយវារហូតឈានទៅដាច់សរសៃឈាមខួរក្បាល គឺត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។ 

រោគសញ្ញាការអស់កម្លាំងដោយសារអាកាសធាតុក្តៅ រួមមាន ៖ វិលមុខ ឈឺក្បាល ក្អួតចង្អោរ បើកញើសច្រើនខុសធម្មតា ស្បែកត្រជាក់ស្លេកក្លាយជាកន្ទួល រមួលក្រពើដៃ-ជើង ដកដង្ហើមញាប់ បេះដូងលោតញាប់ សីតុណ្ហភាពរាងកាយកើនឡើងខ្ពស់ ស្រេកទឹក និងល្ហិតល្ហៃ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ