ព្យុះភ្លៀងឈ្មោះថា Ciaran បានបោកបក់លើតំបន់ភាគខាងលិចនៃទ្វីបអឺរ៉ុប បណ្តាលឱ្យមនុស្ស៦នាក់បាត់បង់ជីវិត
អឺរ៉ុប៖ ព្យុះភ្លៀងឈ្មោះថា Ciaran បានបោកបក់លើតំបន់ភាគខាងលិចនៃទ្វីបអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានសម្លាប់មនុស្សយ៉ាងហោចចំនួន៦នាក់ ព្រមទាំងបង្ខំឱ្យសាលារៀន អាកាសយានដ្ឋាន និងសេវារថភ្លើង ត្រូវផ្អាកប្រតិបត្តិការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមអាជ្ញាធរ អ្នកបើករថយន្តទឹកទំនិញម្នាក់បានស្លាប់ នៅពេលត្រូវដើមឈើបាក់សង្កត់លើ ក្នុងប្រទេសបារាំង ខណៈករណីស្លាប់ទី២ ត្រូវបានរាយការណ៍នៅទីក្រុង Le Havre។ ការដួលរំលំដើមឈើ ក៏បានបង្កស្លាប់ស្រ្តីម្នាក់ផងដែរ នៅឯរដ្ឋធានីម៉ាឌ្រីដនៃប្រទេសអេស៉្បាញ និងម្នាក់ទៀតនៅភាគខាងត្បូងប្រទេសហូឡង់។ រីឯមនុស្ស២នាក់ ផ្សេងទៀត បានបាត់បង់ជីវិតនៅក្រុង Ghent នៃប្រទេសបែលហ្ស៉ិក ក្នុងនោះម្នាក់ជាក្មេងអាយុត្រឹម៥ឆ្នាំ និងម្នាក់ជាស្រ្តីជនជាតិអាល្លឺម៉ង់អាយុ៦៤ឆ្នាំ។ នៅបារាំង ប្រជាជនប្រហែលជា ១.២លានគ្រួសារ គឺមិនមានអគ្គិសនីប្រើប្រាស់ ដោយសារតែព្យុះ។
គួរបញ្ជាក់ថា ព្យុះ Ciaran ដែលកើតឡើងក្រោយព្យុះមួយទៀតឈ្មោះ Babet កាលពី២សប្តាហ៍មុន គឺត្រូវបានជំរុញដោយបាតុភូតលំហូរខ្យល់បក់ ហៅថា jet stream ដ៏មានឥទ្ធិពលមួយ ដែលបានបក់មកពីមហាសមុទ្រអាត្លង់ទិច៕
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់