ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ទូតថៃថា កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ ខណៈគម្រោងនេះ បានសិក្សាចប់សព្វគ្រប់ហើយ។

ក្នុងជំនួបសម្ដែងការគួរសមជាមួយលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគ ការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ មានចម្ងាយ ៣៨២គីឡូម៉ែត្រ ខណៈបច្ចុប្បន្នគម្រោងផ្លូវដែកនេះ បានសិក្សាសមិទ្ធលទ្ធភាពចប់សព្វគ្រប់ហើយ»។

លោកទេសរដ្ឋមន្ដ្រី បន្ថែមថា កម្ពុជា និងថៃ ក៏ដូចជាប្រទេសនានាក្នុងមហាអនុតំបន់ទន្លេមេគង្គ អាចនឹងទាញបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការដឹកជញ្ជូនតាមរយៈផ្លូវដែកល្បឿនលឿននេះ ដោយសារកម្ពុជាស្ថិតនៅចំកណ្តាល ដែលរំពឹងទុកថានឹងក្លាយជាមជ្ឈមណ្ឌលផលិត និងស្តុកទុកទំនិញឆ្លងកាត់ ពីប្រទេសមួយទៅប្រទេសមួយ នាពេលខាងមុខ ហើយក្រៅដឹកទំនិញផ្លូវដែកល្បឿនលឿននេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរផងដែរ។


ទាក់ទងនឹងវិស័យដឹកជញ្ចូនតាមផ្លូវដែកនេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំណូមពរឱ្យភាគីថៃ ពិនិត្យលទ្ធភាព ក្នុងការលើកកម្រិតផ្លូវដែកបច្ចុប្បន្ន ឱ្យទៅជាផ្លូវដែក ដែលមានខ្នាតទទឹងប្រវែង ១.៤៣៥មីលីម៉ែត្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយពេលវេលាច្រើន។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតក្នុងអាណត្តិនេះ លោក នឹងខិតខំអនុវត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាង រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ