ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នបុរសជាមន្ត្រីយោធាម្នាក់ដែលវាយសន្តិសុខមួយពិលបែកមុខហូរឈាម ហើយថែមទាំងឱ្យជនរងគ្រោះសងថ្លៃពិល និងបានប្រើពាក្យជេរប្រមាថទៅលើសមត្ថកិច្ច។

ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយ ចំពោះបុរសម្នាក់ដែលវាយសន្តិសុខមួយពិលបែកមុខហូរឈាមនៅខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់។

លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា បុគ្គលឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ ត្រូវបានលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង ចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ករណីនេះមានការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ក្រោយជនបង្កវាយសន្តិសុខការពារនៅច្រកទ្វារចូលបុរីពិភពថ្មី បណ្តាលឱ្យបែកលើផ្ទៃមុខ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណីនេះយោងតាមការបំភ្លឺរបស់ឈ្មោះ នឿន វាសនា អាយុ៣៤ឆ្នាំ មុខរបរជាសន្តិសុខ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ១៖០០នាទី ខ្លួនកំពុង តែយាមនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹងជាប់ធនាគារ ABA ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA TUNDRA ពណ៌ស ផ្លាកលេខភ្នំពេញ 2BF-1127 បើកបរដោយជនបង្កខាងលើមកដល់ចំណុចច្រកចូលបុរីដែលស្ថិត នៅទីតាំងខាងលើហើយបានបុករបងបុរី រួចចូលទៅខាងក្នុងបាត់។ 

បន្ទាប់ពីកើតហេតុឈ្មោះ នឿន វាសនា បានបោះដៃតាមអាយកូមទៅប្រធានសន្តិសុខ ដែលជាជនរងគ្រោះឈ្មោះ អីម កួក កំពុងតែជិះម៉ូតូល្បាតនៅក្នុងបុរីបានរយៈពេលជាង៥នាទី ជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុ ហើយជនសង្ស័យខាងលើក៏បានបើករថយន្តត្រឡប់មកដល់កន្លែងកើតហេតុវិញដែរ។ ពេលបើករថយន្តមកដល់កន្លែងកើតហេតុ ជននេះបានស្រែកគំរាមបាញ់លើជនរងគ្រោះ រួចចុះពីលើរថយន្តកាន់ពិលដែកពណ៌ខ្មៅដេញវាយជនរងគ្រោះទៅចំលើផ្ទៃមុខខាងឆ្វេងបណ្តាលឱ្យរបួសបែកចេញឈាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ