ទាហានអ៊ុយក្រែន បន្តវាយដណ្ដើមបានភូមិ Piatykhatky ក្នុងតំបន់ Zaporizhiaក្រោយប្រតិបត្តិការវាយបកកាលពីថ្ងៃសៅរ៍
អ៊ុយក្រែន៖ ទាហានអ៊ុយក្រែន បានវាយដណ្ដើមកាន់កាប់ភូមិPiatykhatkyដែលជាភូមិមួយស្ថិតនៅភាគខាងលិច នៃតំបន់ Zaporizhia ហើយនេះជាជ័យជម្នះលើកទី២លើសមរភូមិ ចាប់តាំងពី ទីក្រុងកៀវ បើកប្រតិបត្តិការវាយបកប្រឆាំងទាហានរុស្ស៉ី កាលពីដើមខែមិថុនាមក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានCNN នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។
មន្ត្រីម្នាក់លើកបន្តុបដោយទីក្រុងមូស្គូ នៅក្នុងផ្នែកគ្រប់គ្រងដោយរុស្ស៉ី នៃតំបន់ Zaporizhia លោក Vladimir Rogov ក៏បានទទួលស្គាល់ ដែរថាទាហានអ៊ុយក្រែន ពិតជាបានវាយដណ្ដើមកាន់កាប់ភូមិ Piatykhatky ប្រាកដមែន ខណៈទាហានរុស្ស៉ីបាន និងកំពុងព្យាយាមវាយបកប្រឆាំងនឹង អ៊ុយក្រែន វិញ។
គួរបញ្ជាក់ថា ខាងរដ្ឋាភិបាលទីក្រុងកៀវ មិនទាន់ធ្វើអត្ថាធិប្បាយជុំស្ថានការណ៍ក្នុងភូមិ Piatykhatky។ កាលពីថ្ងៃទី១២ ខែមិថុនា អ៊ុយក្រែនក៏បាន អះអាងផងដែរពីការវាយដណ្ដើមបានភូមិ ឡូបកូវ (Lobkove) ដែលជាភូមិមួយស្ថិតនៅក្បែរភូមិ Piatykhatky៕