ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានលើកបង្ហាញអំពីការដើ រតួយ៉ាងសំខាន់របស់បច្ចេកវិទ្យាក្នុងការជំរុញ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែមានភាពរីកចម្រើន តាមរយៈទំនើបកម្មប្រព័ន្ធកម្មវិធី រួមមាន "បញ្ញាសប្បនិម្មិត, Machine Learning, Blockchain, Web 3.0" ។ល។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បញ្ជាក់ថា ឱ្យដឹងថា គេហទំព័រ Web 3.0 គឺជាបច្ចេកវិទ្យាគេហទំព័រ (World Wide Web) ជំនាន់ទី ៣ ដែលផ្តោតសំខាន់ទៅលើការធ្វើវិមជ្ឈការទិន្នន័យ (Decentralize data) ដោយប្តូរពីការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដោយក្រុមហ៊ុនមកជាការគ្រប់គ្រងដោយផ្ទាល់ខ្លួនតាមរយៈបច្ចេកវិទ្យាប្លក់ឆេន (Blockchain)។ បច្ចេកវិទ្យា Web 3.0 ផ្តល់ទស្សនៈវិស័យអំពីពិភពលោកមួយដែលទិន្នន័យមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមបុគ្គលណាមួយ ពោលគឺទិន្នន័យ និងប្រតិបត្តិការផ្សេងៗស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកប្រើប្រាស់ផ្ទាល់ ហើយទិន្នន័យទាំងនោះត្រូវបានរក្សាទុកលើប្លក់ឆេនដោយសុវត្ថិភាព។
កត្តាអំណោយផលលើទំនើបកម្មនៃបច្ចេកវិទ្យា Web 3.0 មានអត្ថប្រយោជន៍សម្រាប់គាំទ្រដល់ទំនើបកម្មបច្ចេកវិទ្យាចំពោះស្ថាប័នរដ្ឋ និងឯកជនរួមមាន៖
១. សុវត្ថិភាពទិន្នន័យ និងឯកជនភាព៖ បច្ចេកវិទ្យា Web 3.0 ផ្តល់អាទិភាពលើសុវត្ថិភាពទិន្នន័យដោយធ្វើការកូដនីយកម្មបម្លែងទិន្នន័យ (Encrypt Data) ដែលជួយក្នុងការការពារទិន្នន័យអំពីការចូលទាញយកទិន្នន័យដោយគ្មានការអនុញ្ញាតិ។
២. ភាពងាយស្រួល និងទំនុកចិត្ត៖ ប្រព័ន្ធយន្តការវិមជ្ឈការ (Decentralize mechanism) ប្រកបដោយសុវត្ថិភាពខ្ពស់ក្នុងការការពារទិន្នន័យ។
៣. ការពង្រឹងគុណភាពផ្តល់សេវាកម្ម៖ ការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលលើបច្ចេកវិទ្យាប្លក់ឆេនធ្វើឲ្យមានភាពសាមញ្ញ និងងាយស្រួលសម្រាប់ការផ្តល់សេវាកម្ម និងផលប្រយោជន៍ផ្សេងៗទៀត។
៤. កាត់បន្ថយចំណាយ៖ ដោយពឹងផ្អែកលើកិច្ចសន្យាឌីជីថលឆ្លាតវ័យ (Smart Contract) និងវិមជ្ឈការប្រព័ន្ធ (Decentralized System) អាចកាត់បន្ថយការងារប្រើប្រាស់ក្រដាស់ និងលុបបំបាត់ការធ្វើការងារស្ទួន៕