សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា លោកតា ស៊ុច នឹងជួយប្រជាជនកម្ពុជា លើវិថីនៃការអប់រំតាមព្រះធម៌ នៃមាគាព្រះពុទ្ធសាសនា
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្ឃឹមថា លោកតា ស៊ុច នឹងជួយដល់ប្រជាជនកម្ពុជា លើវិថីនៃការអប់រំតាមព្រះធម៌ នៃមាគាព្រះពុទ្ធសាសនា។
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញទទួលស្វាគមន៍ព្រះតេជគុណ លោកតា ស៊ុច នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលបាននិមន្តមកដល់កម្ពុជា។
សម្ដេចធិបតី បានគូសបញ្ជាក់ថា «ខ្ញុំព្រះករុណាជួបជាមួយលោកតា ស៊ុច ដែលបាននិមន្តមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ហើយសង្ឃឹមព្រះអង្គ នឹងជួយដល់ប្រជាជនកម្ពុជា លើវិថីនៃការអប់រំតាមព្រះធម៌នៃមាគាព្រះពុទ្ធសាសនារបស់យើង» ។
សូមរំលឹកថា នាថ្ងៃទី០២ កក្កដានេះ ព្រះតេជគុណលោកតា ស៊ុច បាននិមន្ត មកដល់ប្រទេសកម្ពជា។ ព្រះតេជគុណតា ស៊ុច ជាព្រះសង្ឃមួយអង្គមានស្រុកកំណើតនៅខេត្តបូរីរាំ ព្រះរាជាណាចក្រថៃ បានសំរេចព្រះទ័យចូលមកកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមិននិមន្តទៅប្រទេសថៃវិញជាដាច់ខាត។ ការនិមន្តមកប្រទេសកម្ពុជាពីសំណាក់លោកតា ស៊ុច គឺក្រោយពីមានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕