ក្រសួងទេសចរណ៍ សោកស្ដាយចំពោះអ្វីបានកើតឡើងលើភ្ញៀវទេសចរឥណ្ឌូនេស៊ី ដែលមានកាក់សួរនាំរកឯកសារពីសំណាក់មន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្ដែងនូវការសោកស្ដាយជាខ្លាំង ចំពោះករណីដែលបានកើតឡើងលើភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៉ី ដែលមានកាក់សួរនាំរកឯកសារពីសំណាក់មន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនាំឲ្យមានការរិះគន់នៅលើបណ្ដាញសង្គម។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏សូមថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានចំណាត់ការលើមន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីកិច្ចសន្យាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អ និងឈរលើអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ មហាគ្រួសារវិស័យទេសចរណ៍ សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងធានាថា កម្ពុជាជាគោលដៅទេសចរណ៍ មានសុវត្ថិភាព និង ផ្តល់ភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកោះហៅមន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីកិច្ចសន្យា សរុបចំនួន៩នាក់ នៅគោលដៅស្ដុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មកធ្វើការសួរនាំ និងឆ្លើយបំភ្លឺករណីឃាត់រថយន្ដជនជាតិឥណ្ឌូនេស៉ី ហើយផ្ទុះការរិះគន់នៅតាមបណ្ដាញសង្គម កាលពីពេលកន្លងទៅ៕