ភ្នំពេញ ៖ បញ្ហាកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេ ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន Royal Railway នឹងធ្វើការដកដែករ៉ៃចេញ និងចាក់បេតុងឱ្យបានស្អាត ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ធ្វើចរាចរតាមដងផ្លូវនេះ។

លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេ ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K។ 

ជាលទ្ធផល មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway នឹងធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង។ ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរតាមដងផ្លូវនេះក្រុមការងារនឹងសហការគ្នាទាំងយប់ទាំងថ្ងៃ ឱ្យការងារនេះចប់រួចរាល់ឆាប់បំផុត។ 

ជាមួយគ្នានេះផងដែរ ក្រុមការងារ ក៏បានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើងដែលមានគ្រោះថ្នាក់ញឹកញាប់ចំនួន២ ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway ឯកភាពធ្វើការកែសម្រួលជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកទាំងពីរទីតាំងឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា ការកែសម្រួលផ្លូវដែកនេះ ក្រោយមានការចែករំលែកគ្នានូវគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវតាំងក្រសាំង មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យបណ្តាលឲ្យនិស្សិតពេទ្យស្រីម្នាក់បានស្លាប់ ក្រោយបានឆ្លងកាត់ផ្លូវដែកដែលបានឈប់ប្រើហើយបានរអិល ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ