កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន (Mun) នឹងធ្វើឲ្យតំបន់មួយចំនួន បន្តមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ក្នុងឆ្នាំ២០២៥ ឈ្មោះ មូន (Mun) T2503 ដែលនឹងធ្វើឲ្យតំបន់មួយចំនួនបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ តែទោះយ៉ាងណា ព្យុះទី៣នេះ ពុំមានឥទ្ធិពលខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
ព្យុះទី៣ ឈ្មោះ មូន ដែលនឹងជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជានេះ កើតឡើងដោយសារការវិវដ្ដពីសម្ពាធទាបដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៤ កក្កដានេះ។
តាមការប្រកាសរបស់ក្រសួងធនធានទឹក ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣៥%។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥%។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសនិរតីនិងបស្ចិម មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕