អ្នកគាំទ្រលោក Duterte ជាង២ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មទាមទារឱ្យមានការដោះលែងព្រមទាំងធ្វើមាតុភូមិនិវត្តន៍អតីតមេដឹកនាំរូបនេះ
បរទេស៖ អ្នកគាំទ្រលោក Rodrigo Duterte ប្រហែលជា ២០ ០០០នាក់ បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao នៃប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ទី១៦ ខែមីនា ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង ព្រមទាំងធ្វើមាតុភូមិនិវត្តន៍អតីតប្រធានាធិបតីរូបនេះ ។
ក្រុមអ្នកគាំទ្រលោក Duterte បានប្រែក្លាយការប្រារព្ធពិធីខួបលើកទី៨៨នៃការបង្កើតទីក្រុង Davao ដែលជាទីក្រុងកំណើតរបស់លោក Duterte ទៅជាការបង្ហាញការគាំទ្រ និងនាំគ្នាស្រែក ច្រៀង ក៏ដូចជាទាមទារឱ្យមានការធ្វើមាតុភូមិនិវត្តន៍អតីតមេដឹកនាំរូបនេះត្រឡប់មកកាន់ហ្វីលីពីនវិញ។
សូមរំលឹកផងដែរថា លោក Duterte ត្រូវបានបញ្ជូនទៅកាន់ទីក្រុងឡាអេ ដើម្បីប្រឈមនឹងសវនាការរបស់ ICC កាលពីថ្ងៃពុធ ទី១២ ខែមីនាកន្លងទៅ ពោលតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ក្រោយត្រឡប់មកពីធ្វើទស្សនកិច្ចទៅកាន់ទីក្រុងហុងកុង។ លោកត្រូវបានគេចោទប្រកាន់ថាបានសម្លាប់មនុស្សរាប់ពាន់នាក់ក្រៅប្រព័ន្ធតុលាការ អំឡុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក៕