ភ្នំពេញ ៖ លោក ម៉ា ញួញហាវ អនុប្រធានអចិន្រ្តៃយ៍សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី កាលពីពេលថ្មីៗនេះ បានផ្ដល់ជំនួយឧបករណ៍តេស្តទឹកមូត្ររកសាធាតុញៀនចំនួន១៣ម៉ឺនតេស្ត ជូនក្រសួងមហាផ្ទៃ ដើម្បីគាំទ្រការធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របតាមបទបញ្ជាលេខ០១ ប.ប. របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។ 

ជំនួយឧបករណ៍តេស្តរកសាធាតុញៀនទាំងនោះ ត្រូវបានភាគីសមាគមចិន ផ្ដល់ជូនក្រសួងមហាផ្ទៃ ស្របតាមស្មារតីនៃជំនួប ដែលលោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោក ម៉ា ញួញហាវ អនុប្រធានអចិន្រ្តៃយ៍សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី និងសហការី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចជាកាល បានផ្ដល់ការគាំទ្រជាច្រើនវិស័យដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ប្រមុខក្រសួងមហាផ្ទៃ បានចាត់ទុកជំនួយឧបករណ៍តេស្តដែលសមាគមចិនបានផ្ដល់ជូននោះ ថាជាសក្ខីភាពថ្មីមួយទៀតបញ្ជាក់ពីការយកចិត្តទុកដាក់របស់មិត្តចិន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។

សូមបញ្ជាក់ថា ជំនួយឧបករណ៍តេស្តដែលទទួលបានពីភាគីចិន រួមទាំងឧបករណ៍ដែលក្រសួងមានស្រាប់ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ប្រគល់ជូនអង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ខណៈក្រសួងបានដាក់ផែនការធ្វើតេស្តរកសាធាតុញៀនលើមន្រ្តីនិងកងកម្លាំងដូចភ្លៀងរលឹម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ