ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ បើស្នងការនគបាលណារូបណា ធុញ និងការដោះស្រាយបណ្តឹងប្រជាពលរដ្ឋ ឈប់ធ្វើជាស្នងការ ទៅស្រែល្អជាង
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចំពោះស្នងការនគបាលរាជធានី-ខេត្តណាដែលធុញនឹងការស្នើសុំ ឬទទួលព័ត៌មានរបស់ប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហានោះ គួរឈប់ធ្វើការជាស្នងការ ទៅធ្វើស្រែចម្ការទៅល្អជាង។
យោងតាមវីដេអូឃ្លីបបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លូន កាលពីពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យ៉ាងដូច្នេះថា «បើស្នងការហ្នឹងគាត់ធុញនឹងការទទួលព័ត៌មានដោះស្រាយ អីញ្ចេះ អីញ្ចុះ គាត់ឈប់ធ្វើស្នងការតែម្តងទៅ ទៅធ្វើស្រែចម្ការទៅវាស្រួលជាង នោះគ្មានអ្នកណារករឿង ឬអ្នកណាប្តឹងយើង ហើយបើធ្វើមេគេហើយ មិនទទួលខុសត្រូវ និងទទួលយកព័ត៌មាន ឬការស្នើសុំរបស់ប្រជាពលរដ្ឋនោះឈប់ទៅល្អជាង» ។
ការលើកឡើងរបស់ ប្រមុខដឹកនាំក្រសួងមហាផ្ទៃនេះ បន្ទាប់ពីរកឃើញមានករណីមិនប្រក្រតីចំពោះតួនាទីជាស្នងការរងនៅខេត្តមួយអស់រយៈពេលជាងច្រើនឆ្នាំ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ខ្ញុំសូមឲ្យពិនិត្យនិងកែបែងចែកតួនាទីភារកិច្ច ដែលកន្លងទៅ តែឥលូវបានលុបបំបាត់ហើយ គឺមាននៅខេត្តមួយ គាត់ស្នងការដឹកនាំការងារទូទៅបន្ទាប់មកមានស្នងការរង (ដូចស្នងការ រងប្រចាំការ) អីញ្ចឹងស្នងការរងផ្សេងៗ ទៀតត្រូវ រាយការណ៍ឲ្យគាត់ ហើយមានតែស្នងការរង ម្នាក់ហ្នឹងទេ មានសិទ្ធិរាយការណ៍ទូទៅឲ្យស្នងការ ។ខ្ញុំថាធ្វើរបៀបនឹងងាប់តែម្តង អាណឹងដូចជាបង្កើតស្នងការរងក្នុង ស្នងការរងអីញ្ចឹង»។
លោកឧបនាយករដ្ឋមន្ត្រី លើកឡើងទៀតថា តួនាទីស្នងការរងមានសិទ្ធិស្នើគ្នា បើមានការបង្កើតស្នងការរងក្នុងស្នងការរងបែបនេះគឺធ្វើការតែងតាំងខ្លួនដោយខ្លូនឯង គ្នាអ្នក ណាដឹង រហូតអស់រយៈពេលជិតអាណត្តិរាជរដ្ឋាភិបាល។ គិតទៅអស់រយៈពេលជិត៣ឆ្នាំ ៧ខែ តែពេលនេះលុបបំបាត់ហើយ ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ខ្ញុំគិតថា ខេត្តផ្សេងៗមិនឲ្យមានករណីនេះទៀតទេ បើមិនដូច្នេះ នឹងធ្វើឲ្យមានការពិបាក ក្នុងការធ្វើកិច្ចការងារមួយចំនួន ។ បើស្នងការគាត់ធុញនឹងការដោះស្រាយ ឬការងារមួយចំនួន ខ្ញុំគិតថាឈប់ ធ្វើស្នងការទៅស្រួល ទៅធ្វើស្រែចម្ការទៅស្រួលជាង នោះគ្មានអ្នករករឿង ឬប្តឹងយើង ។ បើធ្វើមេគេហើយមិនទទួលខុសត្រូវ នោះទាល់តែដូរការងារគ្នា អីញ្ចឹងមិនអាចទទួលយកបាន»។
ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអះអាងថា ការបែងចែកតួនាទី ភារកិច្ចមានសារសំខាន់ណាស់ ហើយសូមឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្ត ។កន្លងទៅ មានការជាន់កិច្ចការងារគ្នាមួយចំនួនមិនថាថ្នាក់ជាតិនោះទេ សូម្បីតែ ថ្នាក់ក្រោមជាតិក៏មានដែរ។ ប៉ុន្តែក្នុងអាណត្តិនេះ យើងបានបញ្ជាក់ និងអង្គុយជជែកគ្នា បែងចែកឲ្យបានលើកតួនាទី និងភារកិច្ចរួចហើយ ៕