លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំមន្ដ្រីនគរបាលចរាចរណ៍ ថា ប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យ ដើម្បីកុំឲ្យមានការរំខានដល់អ្នកធ្វើដំណើរ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំមន្ដ្រីនគរបាលចរាចរណ៍ ត្រូវប្រើពាក្យពេចន៍និយាយស្តី អាកប្បកិរិយា សមរម្យមួយប្រជាជន ជាពិសេស ប្រសិនបើអ្នកបើកបរគ្មានល្មើសច្បាប់ ហាមហៅត្រួតពិនិត្យ ដើម្បីកុំឲ្យមានការរំខាន ដល់អ្នកធ្វើដំណើរ។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៦៦៨នាក់ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ កក្កដា នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា «មន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺ ការប្រើប្រាស់ពាក្យសំដីជាមួយប្រជាជន ប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យ នៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកុំធ្វើឲ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាជនមានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ»។
បន្ថែមលើសពីនេះ លោកឧបនាយករដ្ឋមន្ដ្រី បានបន្តណែនាំឲ្យនគរបាលចរាចរណ៍ទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពនីតិវិធីការងារដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ចំពោះហេតុការណ៍ ដែលបានកើតឡើង ស្វែងរកសាក្សី ធ្វើកំណត់ហេតុ របាយការណ៍ និងធ្វើការសន្និដ្ឋានរកមូលហេតុបង្កឱ្យបានច្បាស់លាស់ ដោយផ្អែកលើវិធានការជំនាញ និងវិធានការច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តនីតិវិធី។
លោកឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមន្រ្តីជាប់កិច្ចសន្យាចំណុះការិយាល័យនគរបាលចរាចរណ៍សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ដោយប្រើអស់កម្លាំងកាយចិត្ត មិនខ្លាចពីការនឿយហត់ ទោះស្ថិតក្រោមកម្តៅថ្ងៃ ក្រោមដំណក់ទឹកភ្លៀងក្តី ជួយសម្រួលការកកស្ទះចរាចរណ៍ ព្រមទាំងជួយការពារក្បួនថ្នាក់ដឹកនាំផ្សេងៗ និងបានធ្វើឱ្យមូលដ្ឋានរបស់ខ្លួន មានស្ថានភាពចរាចរណ៍និងមានរបៀបរៀបរយសណ្តាប់សាធារណៈល្អ កន្លងទៅ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៨ ខាងមុខនេះ រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ក្នុងការផ្តល់ក្របខណ្ឌមន្ត្រីនគរបាលចរាចរណ៍ ៣០នាក់ក្នុងមួយឆ្នាំដោយវាយតម្លៃជ្រើសរើសយកពីមន្ត្រីជាប់កិច្ចសន្យាដោយផ្អែកលើកម្ពស់បុរស១ម៉ែត្រ៧០សង់ទីម៉ែត្រឡើង និងនារី១ម៉ែត្រ៦៥សង់ទីម៉ែត្រឡើង និងមានអតីតភាពកិច្ចសន្យាការងារយូរជាងគេ។ ការជ្រើសរើសនេះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ជាអ្នកទទួលបន្ទុកវាយតម្លៃ និងជ្រើសរើសដោយផ្ទាល់៕