បរទេស៖ក្រោយមានការវាយប្រហារពីសំណាក់ទីក្រុងញូវដែលីសម្លាប់ជនស៊ីវិល៣១នាក់នៅតំបន់កាស្មៀរ កាលពីថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥រួចមក នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានប្តេជ្ញាឆ្លើយតបនិងផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹកជាមួយកម្លាំងដ៏ខ្លាំងក្លាររបស់ខ្លួនវិញ ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន រ៉យទ័រនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៥។

សុន្ទរកថារបស់លោក Sharif កើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះបើកដៃឲ្យកងទ័ពប៉ាគីស្ថាន ចាត់វិធានការសងសឹកឥណ្ឌាវិញ ដោយការិយាល័យរបស់លោកបានចេញសេចក្តីថ្លែងការណ៍មួយថា «ស្របតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ, ប៉ាគីស្ថានសូមរក្សាសិទ្ធិក្នុងការឆ្លើយតបដើម្បីការពារខ្លួនក្នុងពេល ទីកន្លែង និងរបៀបដែលខ្លួននឹងសម្រេចចិត្ត ដើម្បីសងសឹកចំពោះការបាត់បង់ជីវិតជនជាតិប៉ាគីស្ថានស្លូតត្រង់ និងការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ កងកម្លាំងប្រដាប់អាវុធនៃប្រទេសប៉ាគីស្ថាន ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពឆ្លើយតបទៅវិញហើយ»។

ជុំវិញសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន រួចមក រដ្ឋមន្ត្រីការបរទេសឥណ្ឌា Vikram Misri បានធ្វើការព្រមានថា បើភាគីប៉ាគីស្ថាន ពិតជាឆ្លើយតបវិញនោះ ឥណ្ឌាក៏នឹងវាយបកទៅវិញដូចគ្នា។

ទោះបែបនេះ លោកមិនបញ្ជាក់ពីពេលវេលានិងទីតាំងនៃការសងសឹកនោះទេ ដោយនិយាយថា បើប៉ាគីស្ថានចង់បាញ់ទីណាឬពេលណា គឺស្រេចលើខ្លួន ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif លើកឡើងថា ទីក្រុងអ៊ីស្លាម៉ាបាដ ទំនងជានឹងវាយប្រហារតែលើគោលដៅយោធាក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ មិនមែនគោលដៅស៊ីវិលទេ ព្រោះខ្លួនគោរពច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ