នាយឧត្តមសេនីយ៍ ស ថេត ៖ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមជាសកល ដែលត្រូវរួមគ្នាដោះស្រាយ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមជាសកល ដែលគ្រប់បណ្តាប្រទេសទាំងអស់ ត្រូវរួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំងបទល្មើសនេះ។
ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអនុញ្ញាតឲ្យ លោក អែនឌ្រូ ហឺរ៉ាប់ ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៧ សីហា នេះ។
ក្នុងជំនួបនេះដែរ លោក អែនឌ្រូ ហឺរ៉ាប់ ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ក៏បានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលផ្តល់កិច្ចសហការបានយ៉ាងល្អជាមួយតំណាងស្ថាប័ន អនុវត្តច្បាប់របស់ភាគីអាមេរិកអមស្ថានទូតប្រចាំនៅកម្ពុជាលើការងារមាតុភូមិនិវត្ថន៍ពលរដ្ឋកម្ពុជាសញ្ជាតិអាមេរិក និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការងារស្វែងរកមុខសញ្ញាប្រព្រឹត្តបទល្មើសជនជាតិអាមេរិកដែលរត់គេចខ្លួន និងបានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចការពារសន្តិសុខបានយ៉ាងល្អជូនថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិកក្នុងកំឡុងពេលមកបំពេញទស្សនកិច្ច រឺចូលរួមកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ ភាគីអាមេរិក ក៏បានពិភាក្សាការងារមួយចំនួនពាក់ព័ន្ធ និងការទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងមានការកើនឡើងទាំងក្នុងតំបន់ និងទាំងក្នុងសកលលោក។ ភាគីអាមេរិក ក៏បានសន្យាចូលរួមចំណែកជាមួយនគរបាលជាតិកម្ពុជា ក្នុងការបង្កើនកិច្ចសហការដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតក្នុងការស្វែងរកជនសង្ស័យដែលប្រព្រឹត្តបទល្មើស ដើម្បីប្រមូលភស្តុតាងកសាងសំណុំរឿងផ្តន្ទាទោសជនល្មើស និងបណ្តាញពាក់ព័ន្ធទៅតាមផ្លូវច្បាប់។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់នគរបាលជាតិកម្ពុជាជាមួយ និងតំណាងស្ថាប័នអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក អមស្ថានទូតប្រចាំនៅ កម្ពុជា មានដូចជា ៖ ក្រុមការងារ Task Force FBI DEA HSI...។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ គូបញ្ជាក់ថា «បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមជាសកលដែលគ្រប់បណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោកត្រូវរួមគ្នាក្នុងការដោះស្រាយ និងប្រយុទ្ធប្រឆាំងបទល្មើសនេះ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានឯកភាព និងគាំទ្រចំពោះការបង្កើនកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសខាងលើនេះ និងបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តទៅស្របតាមខ្លឹមសារនៃអនុស្សារណៈនៃការយោគយល់គ្នាដែលមានស្រាប់ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា នគរបាលជាតិកម្ពុជាត្រៀមសហការជាមួយភាគីអាមេរិកលើការងារផ្លាស់ប្តូរព័ត៌មានដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរកពលរដ្ឋអាមេរិកដែលប្រព្រឹត្តបទល្មើសហើយរត់គេចខ្លួនមកនៅកម្ពុជា។
លើសពីនេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើឲ្យភាគីទាំងពីររួមគ្នាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលនាំអោយមានបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ តាមរយៈការជួយសង្គ្រោះជនរងគ្រោះ ការស៊ើបអង្កេត និងបង្ក្រាបខ្សែរយៈបណ្តាញដើម្បីធ្វើការអនុវត្តតាមផ្លូវច្បាប់៕