សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គ្រូពេទ្យពុំមែនជាទេវតា តែត្រូវពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ បំពាក់សម្ភារបរិក្ខារសុខាភិបាល ឱ្យកាន់តែទំនើបគ្រប់គ្រាន់
កណ្ដាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្រុមគ្រូពេទ្យពុំមែនជាទេវតាឡើយ ប៉ុន្តែត្រូវពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ បំពាក់សម្ភារបរិក្ខារសុខាភិបាល ឱ្យកាន់តែទំនើបគ្រប់គ្រាន់ ដើម្បីព្យាបាលប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យតេជោសែន កោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេទ្យត្រូវមានជំនាញ និងការសម្រេចចិត្ដ ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ហើយក្រុមគ្រូពេទ្យមិនមែនជាទេវតាឡើយ។
សម្ដេច មានប្រសាសន៍ថា «ខ្ញុំ ថា ពេទ្យធ្វើការងារទេវតា មិនមែនជាទេវតាទេ ពេទ្យជួយមនុស្សឈឺឲ្យជា មនុស្សដែលអាចហានិភ័យនៃការស្លាប់ជួយសង្គ្រោះបាន។ ខ្ញុំ ថា ពេទ្យមិនមែនជាទេវតា ដែលធ្វើការងារទេវតា។ ទេវតាអាចប្រោះបានទាំងអស់ តែយើងបានតែព្យាបាល ប៉ុន្ដែដើម្បីឲ្យពេទ្យធ្វើការងារទេវតាឲ្យបាន ល្អប្រសើរ ត្រូវតែមានគ្រឿងញៀនបំពាក់ ហេដ្ឋារចនាសម្ព័ន្ធ ថ្នាំ និងការបណ្ដុះបណ្ដាល ឲ្យបានច្បាស់លាស់»។
សម្ដេច ក៏បានកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រសួងសុខាភិបាល បានខិតខំក្នុងការបំពេញការងារព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ។ សម្ដេច ថា សមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងការអភិវឌ្ឍ-សង្គមសេដ្ឋកិច្ច កម្ពុជា ក្នុងអំឡុងពេលជាង ២ទស្សវត្សចុងក្រោយ និងមិនអាចកើតឡើង ប្រសិនបើកម្ពុជា មិនមានសន្ដិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្ដិសុខសង្គម កត្តាទាំងនេះ ធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យសុខាភិបាលផងដែរ៕