ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ចុះMOU ជាមួយក្រុមហ៊ុនទូរគមនាគមន៍កាតា Ooredoo ដើម្បីពង្រាយបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ក្នុងប្រទេស៥នៅមជ្ឈិមបូព៌ា
អាមេរិក៖ ក្រុមហ៊ុនផលិតបន្ទះឈីបកំពូល Nvidia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទូរគមនាគមន៍កាតា Ooredoo ដើម្បីពង្រាយបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) របស់ខ្លួននៅទូទាំងមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសចំនួនប្រាំនៅមជ្ឈិមបូព៌ារួមមាន កាតា អាល់ហ្សេរី ទុយនីស៊ី អូម៉ង់ គុយវ៉ែត និងម៉ាល់ឌីវ។
យោងតាមសេចក្តីថ្លែងពីក្រុមហ៊ុន Ooredoo បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យ Ooredoo ក្លាយជាអ្នកដឹកនាំ AI ក្នុងតំបន់ ដោយអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនចូលប្រើដោយផ្ទាល់ទៅកាន់ AI និងសមត្ថភាពដំណើរការក្រាហ្វិករបស់ Nvidia ខណៈដែលដៃគូប្រកួតប្រជែងរបស់ពួកគេអាចនឹងមិនមានចន្លោះពី ១៨ ទៅ ២៤ខែឯណោះ។ នាយកប្រតិបត្តិ (CEO) របស់ Ooredoo លោក Aziz Aluthman Fakhroo បានសម្តែងថា កិច្ចសហការនេះនឹងពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការជួយអតិថិជនក្នុងការដាក់ពង្រាយកម្មវិធី AI ជំនាន់ថ្មី។
ជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រនេះ លោក Fakhroo បាននិយាយថា Ooredoo កំពុងវិនិយោគ ១ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់របស់ខ្លួនដោយបន្ថែមចន្លោះពី ២០ ទៅ ២៥ មេហ្គាវ៉ាត់ពីលើ ៤០មេហ្គាវ៉ាត់ដែលមានស្រាប់នាពេលបច្ចុប្បន្ន ហើយមានគម្រោងបង្កើនសមត្ថភាពនេះជិតបីដងនៅចុងទសវត្សរ៍នេះ៕SP