លោកស្រី កែ សួនសុភី ត្រូវបានតែងតាំងជា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ លោកស្រី កែ សួនសុភី ភរិយាដ៏ឧត្តុង្គឧត្តមរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សម្រេចតែងតាំងជាប្រធានកិត្តិយសសមាគម នេះ ប្រចាំក្រសួងមហាផ្ទៃ។
ពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ត្រូវបានធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយមានការចូលរួមពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកស្រី កែ សួនសុភី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ។
ឧបនាយករដ្ឋមន្រ្តី ស សុខា បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងមហាផ្ទៃ បានចូលរួមអបអរសាទរ និងថ្លែងអំណរគុណ លោកជំទាវ កែ សួនសុភី ដោយចាត់ទុកភារកិច្ចជា ប្រធានកិត្តិយសសមាគមនារីក្រសួងមហាផ្ទៃ នេះ ថា ជាអម្រែកបន្ថែមថ្មីមួយទៀតរបស់លោកជំទាវ បន្ថែមលើតួនាទីជាឧត្តមភរិយា និងជាមាតា ព្រមទាំងតួនាទីជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ និងក្រុមការងារផ្នែកសង្គម និងសាសនា ជាច្រើនទៀត។
ក្នុងឱកាសនោះដែរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ខ្ពស់ថា ក្រោមការដឹកនាំប្រកបដោយភាពឆ្លៀវឆ្លាស របស់លោកស្រី កែ សួនសុភី សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងមហាផ្ទៃ នឹងពិតជាសម្រេចបានវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកធ្វើឱ្យស្រ្តីក្នុងវិស័យមហាផ្ទៃកាន់តែទទួលបានឱកាស និងដើរតួនាទីសកម្មក្នុងការងារបម្រើជាតិ និងប្រជាជន។
សូមបញ្ជាក់ថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចាប់កំណើតតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ មហាសន្និបាតលើកចុងក្រោយ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៩៩ បានប្ដូរឈ្មោះសមាគមនារី មកជា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដើម្បីបន្តតួនាទីជាកម្លាំងចលករក្នុងការចូលរួមទ្រទ្រង់សង្គមជាតិ ឱ្យកាន់តែមានស្ថិរភាព សន្តិភាព និងការអភិវឌ្ឍរីកចម្រើន តាមរយៈការចូលរួមរបស់ស្ត្រី៕