សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការធ្វើឌីជីថលលូបនីយកម្មនៅកម្ពុជា បានបោះជំហានទៅមុខ ក្នុងល្បឿនគួរឲ្យកត់សម្គាល់
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលលូបនីយកម្មនៅកម្ពុជា បានបោះជំហានទៅមុខ ក្នុងល្បឿនគួរឲ្យកត់សម្គាល់។
នាឱកាសអញ្ជើញជាអធិបតីបើក «វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ដោយបានកំណត់ជាអាទិភាព ចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងនោះ បច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយដែលបានកំណត់ ក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ច និងសង្គម ឌីជីថល។ ក្របខណ្ឌគោលនយោបាយ ជាផែនទីចង្អុលផ្លូវមួយ ជាមួយចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងនិងសង្គមឌីជីថលរស់វើក តាមរយៈការរៀបចំ មូលដ្ឋានគ្រឹះ ជំរុញការទទួលយកការធ្វើបដិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ ដើម្បីជំរុញសន្ទុះកណើតសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាភាព។
សម្ដេចធិបតី បន្ដថា បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឲ្យអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ព្រមទាំងបានបង្កើតគណៈកម្មាធិការបច្ចេកទេសចនួន៣ ជាសេនាធិការ ដឹកនាំសម្របសម្រួលតាមផែននីមួយៗ ក្នុងនោះរួមមានៈ ទី១- គណៈកម្មាធិការសេដ្ឋកិច្ច ធូរកិច្ចឌីជីថល ទី២- គណៈកម្មាធិការដ្ឋបាលជីឌីថល និងទី៣-គណៈកម្មាធិការសន្ដិសុខឌីជីថល។
សម្ដេចធិបតី បន្ដថា សម្រាប់ប្រទេសកម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងទាញ យកផលប្រយោជន៍អតិបរមា ពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវិល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយក៏រក្សាឲ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។
សម្ដេចធិបតី មានប្រសាសន៍ថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលលូបនីយកម្មនៅកម្ពុជា បានបោះជំហានទៅមុខ ក្នុងល្បឿនគួរឲ្យកត់សម្គាល់។ វិបត្តិនៃជំងឺកូវីដ-១៩ បានជំរុញឲ្យមានការប្រើប្រាស់បច្ចេក វិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ជាក់ស្ដែង ការទូទាត់សងប្រាក់ឌីជីថល បានកើនដល់ចំនួនប្រមាណ ៤៩២ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៣ ដែលប្រហែលនឹង ១៦ដងនៃផលិតផលក្នុងស្រុកសរុប (GDP)។ ចំពោះ ចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៊ីនធើណេតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង ១៩លាននាក់ ក្នុងឆ្នាំ ២០២៣៕