BREAKING: ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួន ក្រោមដីកាឃាត់ខ្លួនចេញដោយតុលាការ
កូរ៉េខាងត្បូង ៖ ក្រុមអ្នកស៊ើបអង្កេត នៅក្នុងប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃពុធ ទី១៥ ខែមករានេះថាប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ ក្រោមដីកាឃាត់ខ្លួនចេញដោយតុលាការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រុមអ្នកស៊ើបអង្កេតដែលកំពុងដឹកនាំការស៊ើបអង្កេតលើលោក Yoon Suk Yeol ជុំវិញការចោទប្រកាន់ពីការដឹកនាំសកម្មភាពបះបោរពាក់ព័ន្ធនឹងការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅ ។តាមរយៈការចាប់ខ្លួននេះ លោក Yoon បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃពុធនេះ មានមន្ត្រីប៉ូលិស និងក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយប្រហែលជា ៣០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខនិវេសនដ្ឋានរបស់លោក Yoon ដើម្បីអនុវត្ត ដីកាចាប់ខ្លួនប្រធានាធិបតីរូបនេះជាលើកទី២៕