ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្មានផែនការផ្លាស់ប្ដូររាជធានីភ្នំពេញឡើយ ខណៈមានប្រទេសចំនួន បានផ្លាស់ប្ដូររាជធានីរបស់ខ្លួន។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី “ បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ” នាព្រឹកថ្ងៃទី១៩ កុម្ភៈ ២០២៤នេះ សម្ដេចធិបតី បានគូសបញ្ជាក់យ៉ាងថា « យើងត្រូវគិតគូរពីការពង្រីកផ្លូវនៅភ្នំពេញ ជាពិសេសត្រូវសិក្សាផ្លូវក្រោមដី ទៅថ្ងៃខាងមុខ ខណៈប្រទេសយើងនឹងមានអ្វីៗដូចបណ្ដាប្រទេសអភិវឌ្ឍន៍ជឿនលឿន»។

សម្ដេច បានបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ គិតទាំងប្រជាពលរដ្ឋរស់នៅអចិន្រ្ដៃយ៍ និងប្រជាពលរដ្ឋមកប្រកបការងារពីបណ្ដាខេត្តសរុបមានជាង ៣ លាននាក់ ដូច្នេះការដោះស្រាយបញ្ហាចរាចរណ៍គឺត្រូវគិតគូរមិនអាចរងចាំបានទេ។

សម្ដេច មានប្រសាសន៍ថា «នៅភ្នំពេញតម្រូវការ ត្រូវធ្វើច្រើន។ កម្ពុជា គ្មានផែនការលើកទីក្រុងភ្នំពេញ ទៅណាទេ។ ប្រទេសខ្លះគេលើក ឥឡូវឥណ្ឌូនេស៊ី គេកំពុងរៀបចំ ប្ដូរ ដោយសារកន្លែងនឹងមានមនុស្សច្រើន។ នៅប្រទេសភូមា ឆ្នាំ២០០៥ គាត់បានរើស។ ខ្ញុំ ថា ភ្នំពេញ អត់ចាំបាច់រើសទៅតាមនោះទេ»។


នាឱកាសនោះ សម្ដេច នាយករដ្ឋមន្ដ្រី លើកឡើងថា បញ្ហាចរាចរណ៍នេះ ត្រូវបានគិតគូរតាំងពីអាណត្តិមុនដោយ សម្ដេចតេជោ ហ៊ុន សែន ដូច្នេះមិនត្រូវរងចាំទៀតទេគឺត្រូវការដោះស្រាយបញ្ហនេះតាមរយៈការបង្កើនសមត្ថភាពមធ្យោបាយដឹកជញ្ជូនសាធារណៈ, ការបើកផ្លូវក្រវ៉ាត់ក្រុង និងមធ្យោបាយក្រោមដី (រថភ្លើងក្រោមដី) និងលើអាកាស (រថភ្លើងលើអាកាស)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ