លោកឧបនាយករដ្ឋមន្ត្រី ស សុខា ៖ ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីឲ្យប្រទេសជាតិមានមូលធនមនុស្សគ្រប់គ្រាន់ ប្រកបដោយសមត្ថភាព
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន បានថ្លែងថា ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងមិនអាចខ្វះបាន ដើម្បីឲ្យប្រទេសជាតិមានមូលធនមនុស្សគ្រប់គ្រាន់ ប្រកបដោយសមត្ថភាព សំដៅធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការបម្រើសេវាសាធារណៈ។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាននិងសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យក្រចេះ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យទាំង៤ ព្រមទាំងសហការីទាំងអស់ បានខិតខំរួមគ្នាសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំ ឲ្យមានពិធីចុះហត្ថលេខាជាផ្លូវការនូវអនុស្សរណៈនៃការយោគយល់គ្នា និងអនុស្សរណៈនៃការព្រមព្រៀងគ្នានាពេលនេះ។
លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគោលបំណងនៃអនុស្សារណៈនេះ ពិសេសការជួយសហការគ្នា រៀបចំការអភិវឌ្ឍធនធានមនុស្ស ការរៀបចំចែករំលែកបទពិសោធន៍លើការដឹកនាំកម្មវិធីអប់រំ ការប្រើប្រាស់ធនធានសិក្សា ព្រមទាំងយន្តការនានាសំដៅជំរុញឱ្យការងារមានប្រសិទ្ធភាពកាន់តែខ្លាំងក្លា ក្នុងគោលដៅគាំទ្រតាមផែនការនៃការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណវុឌ្ឍិខ្ពស់ ទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យជឿនលឿនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដូចបណ្តាប្រទេសដទៃទៀតដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា «ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងមិនអាចខ្វះបាន ដើម្បីឲ្យប្រទេសជាតិមានមូលធនមនុស្សគ្រប់គ្រាន់ប្រកបដោយសមត្ថភាព សំដៅធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការបម្រើសេវាសាធារណៈ ក៏ដូចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឲ្យមានការរីកចម្រើនជឿនលឿនប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងចីរភាព ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា ដូចជា ជប៉ុន សិង្ហបុរី និងសាធារណរដ្ឋកូរ៉េ ជាដើម»។
ដើម្បីជួយសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាល័យដៃគូទាំង៤ មានមូលដ្ឋានកាន់តែច្បាស់ ក្នុងការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំឲ្យខិតខំរួមគ្នាពង្រឹង និងអភិវឌ្ឍការងារស្រាវជ្រាវ តាមគ្រប់រូបភាព ពិសេសពាក់ព័ន្ធសមត្ថភាពអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស្វ័យភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការតាមដានវាយតម្លៃ និងការលើកជាអនុសាសន៍ពាក់ព័ន្ធការអនុវត្តច្បាប់ លិខិតបទដ្ឋាន និងគោលនយោបាយពាក់ព័ន្ធ ដើម្បីបម្រើឱ្យការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕EB