រុស្ស៉ីបាញ់ដ្រូនសរុប៤២គ្រឿង និងមីស៊ីលចំនួន៦គ្រាប់មកលើអ៊ុយក្រែន ខណៈប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបាញ់ស្កាត់ដ្រូនចំនួន ៤១គ្រឿង
រុស្ស៊ី ៖ យោធាអ៊ុយក្រែនបានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃពុធ សប្តាហ៍នេះ រុស្ស៉ីបានបាញ់ដ្រូនសរុប៤២គ្រឿង និងមីស៊ីលចំនួន៦គ្រាប់មកលើអ៊ុយក្រែន ខណៈប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ស្កាត់ដ្រូន៤១គ្រឿង ប៉ុន្តែអគារមួយចំនួនបានរងការខូចខាត ហើយប្រជាជនស៉ីវិលម្នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស នៅតំបន់ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។
កងទ័ពអាកាសអ៊ុយក្រែន បានបង្ហោះសារលើប្រព័ន្ធ Telegram ថា ប្រព័ន្ធការពារដែនអាកាស បាញ់ទម្លាក់បាន៤១គ្រឿង នៃដ្រូនប្រភេទ Shahed-136/131 សម្រាប់វាយប្រហារ ទាំង៤២គ្រឿង ដែលរុស្ស៉ីបញ្ជូនមក ហើយភាគច្រើននៃពួកវា គឺត្រូវបានបាញ់ទម្លាក់នៅលើតំបន់ Odesa។
យ៉ាងណាមិញ ខាងសេវាសង្រ្គោះបន្ទាន់របស់អ៊ុយក្រែនបានឱ្យដឹងថា អំលុងការវាយប្រហារខាងលើនៅតំបន់ Kherson ដែលនៅក្បែរខាងគ្នា មនុស្សម្នាក់បានបាត់បង់ជីវិត ហើយមណ្ឌលសុខភាព លំនៅឋានឯកជន និងយានដ្ឋាន ត្រូវបានបំផ្លិចបំផ្លាញ។ ជាមួយគ្នានេះ បើតាមយោធាអ៊ុយក្រែន រុស្ស៉ីក៏បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅតំបន់ទន្លេ Danube ថែមទៀតផង ហើយឃ្លាំងមួយចំនួនសម្រាប់ស្តុកគ្រាប់ធញ្ញជាតិ បានរងការខូចខាត៕