សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាដាក់ចេញទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាត ឲ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា ទន្ទឹមការសម្រេចបញ្ឈប់ទាំងស្រុង នូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម កម្ពុជាក៏បានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ។
ការបញ្ជាក់របស់សម្ដេចធិបតី ធ្វើឡើងនាថ្ងៃទី១៦ ធ្នូនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក ម៉ាសាយូគិ ហ្យូដូ (Masayuki Hyodo) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation ចូលជួបសម្តែងការគួរសម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
ក្នុងឱកាសនៃជំនួបនេះ លោក ម៉ាសាយូគិ ហ្យូដូ បានជម្រាបជូនអំពីសកម្មភាពវិនិយោគនៅទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន លើវិស័យជាច្រើន រួមមាន៖ ការផលិតបរិក្ខារអេឡិចត្រូនិក, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ការផ្សព្វផ្សាយ និងឌីជីថល ។ល។
ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់នានា ដើម្បីផ្តល់នូវការលើកទឹកចិត្ត ដែលមានលក្ខណៈអនុគ្រោះ តម្លាភាព និងទាក់ទាញចំពោះវិនិយោគិនទាំងក្នុង និងក្រៅស្រុក ។
សម្តេចធិបតី ក៏បានរំលេចបន្ថែមថា «បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត រហូតដល់ ៦២% ដែលជាកម្រិតឈានមុខមួយនៅក្នុងតំបន់ ទន្ទឹមការសម្រេចបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ក៏ដូចជាបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០»៕EB