ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី១០ ខែមិថុនា នេះថា កម្លាំងជំនាញបានឃាត់ខ្លួនម្ចាស់ទូកដម្នាក់ បន្ទាប់ពីកើតហេតុគ្រោះថ្នាក់លិចទូកចម្លងសិស្សសាលាកាលពីថ្ងៃទី៨មិថុនា បណ្ដាលឲ្យសិស្សស្រីអាយុ១៣ឆ្នាំម្នាក់បាត់បង់ជីវិតនៅខេត្តកំពង់ធំ។

តាមរបាយការណ៍ ម្ចាស់ទូកដដែលត្រូវឃាត់ខ្លួនមានឈ្មោះ សឿ យូន ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ របាយការណ៍បញ្ចាក់ថា ទូកដរខាងលើ បានដឹកចម្លងសិស្សចេញរៀននៅសាលាអនុវិទ្យាល័យឈូក ស្ថិតនៅភូមិឈូកគ្រួស ឃុំឈូក ស្រុកប្រាសាទសំបូរ។ ចំពោះមូលហេតុ គឺដោយសារទូកតូចផ្ទុកមនុស្សច្រើន។

សូមជម្រាបថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ មានករណីលិចទូកចម្លងសិស្សសាលាមួយក្រុម ត្រង់ចំណុចភូមិត្នោតជួរ និងភូមិឈូក ឃុំឈូក ស្រុកបាសាទសំបូរ ខេត្តកំពង់ធំ។ លោក ឃីម សុខឃៀង អភិបាលស្រុកប្រាសាទសំបូរ បញ្ជាក់ឲ្យដឹងថា ករណីលិចទូកនេះបានកើតឡើងនៅម៉ោងជាង១០និង៤០នាទីព្រឹក ក្នុងអំឡុងពេលដែលសិស្សសាលាចេញពីរៀន ត្រឡប់ទៅផ្ទះវិញ។

លោក ឃួន វុទ្ធី អធិការនគរបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ករណីលិចទូកចម្លងនេះ កើតឡើងនៅកំពង់ចម្លងចន្លោះភូមិត្នោតជួរ និងភូមិឈូក ក្នុងអំឡុងពេលដែលសិស្សានុសិស្សចេញពីរៀន នៅអនុវិទ្យាល័យឈូក ស្ថិតនៅភូមិឈួកគ្រោះ ឃុំឈូក ស្រុកប្រាសាទសំបូរ។ លោកបន្ថែមថា យុវជន និងយុវតី ដែលជិះនៅលើទូកមានចំនួនសរុប១៥នាក់ ស្រី១០នាក់ រៀនថ្នាក់ផ្សេងគ្នា មានថ្នាក់ទី៧ ថ្នាក់ទី៨ និងថ្នាក់ទី៩ ផងដែរ។

លោកអធិការស្រុកញ្ជាក់ថា ក្នុងអំឡុងពេលទូកចេញដំណើរពីត្រើយខាងលិច ទៅត្រើយខាងកើត នៅពេលជិតដល់ច្រាំងចម្ងាយប្រហែល១០ម៉ែត្រ ទូកពន្លត់ម៉ាស៊ីន ហើយរួមជាមួយអ្នកជិះនៅមិនស្ងៀម ក៏បណ្តាលឲ្យទូកលិចផ្នែកខាងមុខ នៅពេលនោះចាប់ផ្តើមភ័យស្លន់ស្លោរ លោតចូលទៅក្នុងទឹកតែម្តង។ លោកបញ្ជាក់ថា ក្នុងចំណោមអ្នកជិះទាំង១៥នាក់ មានអ្នកមិនចេះហែលទឹកចំនួនពីរនាក់ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងអ្នករួមដំណើរជួយសង្គ្រោះបានម្នាក់ ឈ្មោះ ធឿន ស្រីពេជ្រ រៀនថ្នាក់ទី៧។ រីឯកុមារី ឈ្មោះ អ៊ីន សុភ័ក្រ រៀនថ្នាក់ទី៧ អាយុ១៣ឆ្នាំ រស់នៅភូមិជាំបឹង ឃុំស្រើង បានលិចបាត់តែម្តង។

ប្រជាពលរដ្ឋពលរដ្ឋ រួមជាកម្លាំងនគរបាល បានជួយស្វែងរក កុមារីនេះ រហូតដល់ម៉ោងជិត១រសៀល ទើបប្រទះឃើញសព ចម្ងាយប្រហែល១០០ម៉ែត្រ ពីទីតាំងកើតហេតុ។ ក្រោយពីធ្វើការពិនិត្យសពរួច បានប្រគល់ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ