អគ្គស្នងការដ្ឋាននគរបាលជាតិ គាំទ្រទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ចំពោះគម្រោងជួយបណ្តុះបណ្តាលនគរបាលកម្ពុជា លើជំនាញប្រឆាំងបច្ចេកវិទ្យា
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញការគាំទ្រចំពោះសំណើរបស់ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ក្នុងការបញ្ជូននគរបាលកម្ពុជា ទៅសិក្សាជំនាញសំខាន់ៗជាច្រើន ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន។
កិច្ចជំនួបនេះ ធ្វើឡើងរវាងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត និងប្រធានការិយាល័យតំណាងប្រចាំតំបន់ នៃទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី លោក សីមសូវ យេវគេងញី នៅទីស្តីក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្តើម ប្រធានការិយាល័យតំណាងប្រចាំតំបន់នៃទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី លោក សីមសូវ យេវគេងញី បានអបអរសារទរចំពោះ នាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គស្នងការនគរបាលជាតិ ។
លោក សីមសូវ យេវគេងញី បានលើកឡើងថា ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្សី មានបំណងបង្កើនកិច្ចសហប្រតិបត្តិកាន់តែល្អជាមួយនគរបាលជាតិកម្ពុជា ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយភាគីរុស្ស៊ី នឹងស្វាគមន៍ជានិច្ចចំពោះកិច្ចសហការជុំវិញការបង្កើនចំណេះដឹងជំនាញ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់នគរបាលកម្ពុជា។
ជាការឆ្លើយតប អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានបង្ហាញការគាំទ្រចំពោះសំណើចង់ជួយកម្ពុជា ក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញថ្មីៗដល់នគរបាលកម្ពុជា ជាពិសេសលើជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា Cyber Crime។ អគ្គស្នងការនគរបាលជាតិ បានបន្ថែមទៀតថា កន្លងទៅកម្ពុជា ធ្លាប់បានបញ្ជូននគរបាលជាតិទៅសិក្សាជំនាញផ្សេងៗនៅរុស្ស៊ីរួចហើយ ហើយចំពោះជំនាញបទល្មើសបច្ចេកវិទ្យា នឹងបន្តបញ្ជូននគរបាលកម្ពុជាទៅទទួលការបណ្តុះបណ្តាលបន្ថែមទៀត។
សូមជម្រាបថា កម្ពុជា និងរុស្សី បានបង្កើតចំណងទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៥៦ ហើយបានស្តារទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៧៩ ហើយក្រសួងកិច្ចការផ្ទៃក្នុងនៃសហព័ន្ធរុស្ស៊ី បានក្លាយជាដៃគូពិភាក្សាអាស៊ានណាប៊ូលនៅឆ្នាំ២០១៤៕EB