ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម បានប្ដេជ្ញាពង្រឹងកិច្ចសហការធានារក្សាសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នយោបាយសំខាន់ៗ របស់ប្រទេសនីមួយៗ ឲ្យបានជោគជ័យ។

នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងាររវាង នាយឧត្តមសេនីយ៍ នេត សាវឿន និងឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង នាថ្ងៃទី១២ មិថុនា ភាគីទាំងពីរ បានឯកភាពគ្នាដូចតទៅ៖

ទី១-កងកម្លាំងមានសមត្ថកិច្ចនៃប្រទេសទាំងពីរបន្តត្រូវពង្រឹងការផ្លាស់ប្តូរព័ត៌មានសន្តិសុខ ដើម្បីការពារខឿនសន្តិសុខជាតិនៃប្រទេសនិមួយៗ និងក្នុងតំបន់ ពិសេសរក្សាសាមគ្គីភាព និងទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសវៀតណាម និងកម្ពុជា។

ទី២-ភាគីទាំងពីរពង្រឹងកិច្ចសហការធានារក្សាសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នយោបាយសំខាន់ៗ របស់ប្រទេសនីមួយៗឲ្យបានជោគជ័យ ពិសេសព្រឹត្តិការណ៍នៃខួបការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរថ្ងៃ២៤មិថុនាឆ្នាំ១៩៦៧-២០២២ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រសួង។ ក្រសួងនគរបាលវៀតណាម ត្រៀមជាស្រេចក្នុងការចែករំលែកបទពិសោធន៍ និងសហការជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងការជួយរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តការណ៍តំបន់ និងនយោបាយធំៗដែលកម្ពុជាត្រៀមរៀបចំនៅពេលខាងមុខនេះរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន ការត្រៀមរៀបចំបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ ការប្រកួតកីឡាស៊ីហ្គេមជាដើម។

ទី៣-ភាគីទាំងពីរត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពចំពោះខ្លឹមសារទាំងអស់ ដែលបានឯកភាពនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីរវាងប្រទេសកម្ពុជា វៀតណាម ឡាវ ស្តីពី ការពង្រឹងកិច្ចសហការបង្ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស ក្នុងនោះ ស្នើសុំអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា សហការជាមួយក្រសួងនគរបាលវៀតណាម បង្ការបង្ក្រាបទប់ស្កាត់មេខ្យល់ឆបោកដែលរៀបចំឲ្យប្រជាពលរដ្ឋវៀតណាមឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ ទន្ទឹមនោះក៏សូមថ្លែងអំណរគុណដល់នគរបាលកម្ពុជា ដែលបានជួយសង្គ្រោះឲ្យជនរងគ្រោះជនជាតិវៀតណាមបានត្រឡប់ទៅផ្ទះសម្បែងវិញផងដែរ។

ទី៤-ភាគីទាំងពីរបន្តពិភាក្សាស្វែងរកដំណោះស្រាយជាស្ថាពរនៅចំណុចបន្ទាត់ព្រំដែន ដែលនៅសេសសល់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដើម្បីបញ្ចប់ការងារបោះបង្គោលព្រំដែនឲ្យបានឆាប់ ណែនាំឲ្យស្ថាប័នមានសមត្ថកិច្ចនៅតាមមូលដ្ឋានសហការដោះស្រាយបញ្ហា ដែលកើតមានឡើងនៅតាមព្រំដែន ធានាសន្តិសុខខ្សែបន្ទាត់ព្រំដែនរួមចំណែកកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព និងអភិវឌ្ឍតាមស្មារតីក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

និងទី៥- ក្រសួងនគរបាលវៀតណាម សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់គាំទ្រអណិកជនជនជាតិវៀតណាមនៅកម្ពុជា ជាពិសេសជួយយកចិត្តទុកដាក់ដោះស្រាយបញ្ហាដល់អនិកជនវៀតណាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ