អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាឲ្យនគរបាល បន្តបង្ក្រាបការប្រើប្រាស់ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិក ក្រោយកម្រើកឡើងវិញនៅក្នុងសង្គម
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) ដែលហាស់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយគេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់នេះគួរឲ្យព្រួបារម្ភ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនផលិតហាមឃាត់ទាំងនេះ ដែលធ្វើឲ្យក្រុមយុវជនយុវនារី ជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការបង្ក្រាបជាបន្តបន្ទាប់ លែងមានការប្រើប្រាស់ជារូបភាពទ្រង់ទ្រាយធំ និងបើកចំហរទៀតឡើយ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ផលិតផលទាំង២ ហាស់ដូចជាមានការកម្រើកឡើងវិញ ដែលជាបច្ច័យមួយនាំឲ្យមានគ្រោះថ្នាក់បំផុតសម្រាប់កូនខ្មែរជំនាន់ក្រោយ។
មន្រ្តីជំនាញយល់ថា SISHA និង E-Cigarette គឺជាប្រភេទគ្រឿងញៀនថ្មី ដែលបានកំពុងពង្វក់អារម្មណ៍យុវជនខ្មែរ ដែលជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភ។
ទោះបីផលិតផល SISI និង E-Cigarette មិនមានផ្ទុកសារធាតុញៀនដែលមានចែងក្នុងតារាងឧបសម្ព័ន្ធនៃច្បាប់ ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន ប៉ុន្តែវាមានផ្ទុកនូវសារធាតុនីកូទីនសំយោគក្នុងកម្រិតខ្ពស់ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរជាងបារី ហើយជាមួយគ្នានេះឧបករណ៍ឥរិយាបទ និងរបៀបប្រើប្រាស់ SISHIA និង E-Cigarette មានលក្ខណៈងាយស្រួល និងមានលទ្ធភាពងាយជម្រុញ និងលើកទឹកចិត្តឱ្យមានចំណង់ ប្រើប្រាស់យ៉ាងខ្លាំង ហើយអាចឈានទៅរកការ ប្រើប្រាស់ប្រភេទគ្រឿងញៀនខុសច្បាប់ផ្សេងៗទៀត។
ជាមួយនឹងបទបញ្ជាថ្មីនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលការងារបង្ក្រាបបទល្មើសគ្រឿងញៀន នៃអគ្គស្នងកាដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយសារមួយរយៈពេលចុងក្រោយ ការប្រើប្រាស់ផលិតផលទាំងនេះកើតមានឡើងវិញ ដូច្នេះអគ្គស្នងការនគរបាលជាតិ បានធ្វើការផ្សព្វផ្សាយឡើងវិញនូវសេចក្តីណែនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសូមឲ្យនគរបាល សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះអប់រំណែនាំដល់ក្រុមយុវជនរបស់យើងឈប់ប្រើដោយសារមានការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ហើយចុះណែនាំដល់ម្ចាស់អាជីវកម្មឈប់នាំចូលផលិតផលទាំងនេះ និងរហូតដល់ការបង្ក្រាបតែម្តង៕EB