(បរទេស)៖ គិតត្រឹមម៉ោង ១១៖៣០នាទីយប់ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ នាវាមុជទឹកខ្នាតតូចឈ្មោះ Titan របស់ក្រុមហ៊ុន OceanGate Expeditions ដែលបានធ្វើទេសចរទៅកាន់ទីតាំងខ្មោចកប៉ាល់ Titanic ដែលបានលិចតាំងតែពីឆ្នាំ ១៩១២ នោះ នៅតែបន្តបាត់ដំណឹងនៅឡើយ ហើយបញ្ហានេះបានកើតមានឡើង នៅរយៈពេល ១ម៉ោង និង ៤៥នាទី ក្រោយការចាប់ផ្តើមចេញដំណើរកម្សាន្តសម្រាប់រយៈពេល ៨ថ្ងៃ របស់ពួកគេកាលពីវេលាម៉ោង ៤៖០០នាទីរសៀល ថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងនៅអង់គ្លេស)។ 


នៅថ្ងៃអង្គារនេះ អត្តសញ្ញាណរបស់មនុស្សទាំង ៥នាក់នៅក្នុងនាវាមុជទឹកខ្នាតតូចនោះ ត្រូវបានបង្ហាញទាំងអស់ហើយ នោះគឺលោក Stockton Rush ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OceanGate Expeditions ផ្ទាល់, លោក Hamish Harding ជាមហាសេដ្ឋីអង់គ្លេស, មហាសេដ្ឋីប៉ាគីស្ថានលោក Shahzada Dawood និងកូនប្រុសរបស់លោកឈ្មោះ Sulaiman Dawood ដែលមានអាយុ ១៩ឆ្នាំ ព្រមទាំងលោក Paul-Henri Nargeolet ជាអ្នកជំនាញមុជទឹកជនជាតិបារាំង។ 


គិតត្រឹមថ្ងៃអង្គារនេះ ការរុករកទ្រង់ទ្រាយធំ ដែលដឹកនាំដោយកងកម្លាំងឆ្មាំសមុទ្រអាមេរិក សហការជាមួយកងកម្លាំងកាណាដា កំពុងបន្តការរុករក និងត្បុលចូលក្នុងសមុទ្រទឹកជ្រៅផងដែរ ដែលការរុករកកន្លងមកនេះ បានរាលដាលដល់ផ្ទៃសមុទ្រទំហំជិត ១៧,០០០គីឡូម៉ែត្រក្រលាឯណោះ។ សម្រាប់ទីតាំងរបស់ខ្មោចកប៉ាល់ Titanic វិញ គឺស្ថិតនៅបាតសមុទ្រអាត្លង់ទិកជម្រៅ ៣.៧គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៍នៃតំបន់  Newfoundland របស់ប្រទេសកាណាដា ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ