ការទន្ទឹងរង់ចាំត្រូវបានបញ្ចប់ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត បានបើកការដ្ឋានជាផ្លូវការ នៅថ្ងៃនេះហើយ
កណ្ដាល ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT” និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ដោយប្រើប្រាស់ថវិកាជាតិរបស់កម្ពុជា ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។
ពាក់ព័ន្ធគម្រោងចំណាយលើការសាងសង់វិញ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។
ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកាបដិភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។
លោក ស៊ុន ចាន់ថុល ចាត់ទុកការសម្រេចបាននូវសមិទ្ធផលជាតិធំៗ និងសំខាន់ៗជាប្រវត្តិសាស្រ្តនៅទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះ កើតឡើងដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមបំផុត និងជាបិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា៕